(ភ្នំពេញ)៖ ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន ក្រោយវិបត្តិកូវិដ-១៩ និងលើកស្ទួយឧស្សាហកម្មទេសចរណ៍កម្ពុជា សម្រាប់ទីផ្សារចិន ក្រសួងទេសចរណ៍ បានរៀបចំ និងដាក់ឲ្យដំណើរការប្រព័ន្ធស្នើសុំបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន តាមប្រព័ន្ធអនឡាញ ស្របទៅតាមសៀវភៅស China Ready សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា និងស្តង់ដារវាយតម្លៃ និងបញ្ជាក់គុណភាព និងទទួលស្គាល់សេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន។
ប្រព័ន្ធនេះនឹងផ្តល់ភាពងាយស្រួលដល់អាជីវកម្មទេសចរណ៍ដាក់ពាក្យស្នើសុំការចុះវាយតម្លៃ និងបញ្ជាក់គុណភាពសេវាកម្មរបស់ខ្លួនឱ្យកាន់តែឆាប់រហ័ស ចំណេញពេលវេលា។
ការទទួលបានការបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍នេះ ប្រតិបត្តិករនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗដូចជា៖
១៖ ទទួលបានឡាបែលបញ្ជាក់គុណភាព (China Ready Accredited)
២៖ បង្ហាញថា សេវាកម្មរបស់ខ្លួនមានគុណភាពស្របតាមសៀវភៅស China Ready និងមានការទទួលស្គាល់ដោយក្រសួងទេសចរណ៍
៣៖ ប្រតិបត្តិករទេសចរណ៍ចិន-ភ្ញៀវទេសចរចិន មានទំនុកចិត្តដល់អាជីវកម្មរបស់ខ្លួន
៤៖ ចូលក្នុងបណ្តាញក្រុមហ៊ុនទេសចរណ៍ទទួលបាន CRA និងផ្សព្វផ្សាយដល់ទីផ្សារចិន ។
សូមជម្រាបថា សេវាកម្មទេសចរណ៍ដែលអាចដាក់ពាក្យស្នើសុំបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិនមានដូចជា៖ សេវាកម្មសណ្ឋាគារ និងស្នាក់នៅ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, សេវាកម្មដឹកជញ្ជូនទេសចរណ៍, រមណីយដ្ឋានទេសចរណ៍, ផ្សារទំនើបនឹងហាងលក់វត្ថុអនុស្សាវរីយ៍, សេវាកម្មកម្សាន្ត និងការីទេសចរណ៍-ភ្នាក់ងារទេសចរណ៍។
ក្រសួងទេសចរណ៍សង្ឈឹមថា ម្ចាស់អាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិនទាំងអស់ នឹងចូលរួមពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនត្រៀមទទួលភ្ញៀវចិន និងដាក់ពាក្យស្នើសុំបញ្ជាក់គុណភាពសេវាកម្មតាមរយៈវែបសាយ http://cambodia-chinaready.com ឬស្កែន QR code ដូចខាងក្រោម៕