(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ លោក កៅ អុីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងភរិយា ព្រមទាំងក្រុមការងារសមាគមគ្រូបង្រៀនខ្មែរឥស្លាម តំណាងទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរឥស្លាម និងជាតំណាងលោក ណុះ ស្លេះ ប្រធានគណៈកម្មាធិការប្រតិបត្តិសមាគមគ្រូបង្រៀនខ្មែរឥស្លាម បាននាំកញ្ចប់ថវិកា៦,០០០,០០០រៀល ឧបត្ថម្ភបន្ថែមដល់គ្រួសារសព ជាសមាជិកសមាគមគ្រូបង្រៀនខ្មែរឥស្លាម ឈ្មោះ ទើ យ៉ា នៅភូមិអណ្តូងពេជ្រ២ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានទទួលមរណភាពនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ ក៏ដោយបានការជួយសម្របសម្រួលលោកអ៉ីម៉ាំស្រុកតំបែរ គណៈអអ៉ីម៉ាំ ព្រមទាំងក្រុមការងារជាថ្នាក់ដឹកនាំសមាគមគ្រូបង្រៀនខ្មែរឥស្លាម។ កន្លងមកសមាគមធ្លាប់បានជួយឧបត្ថម្ភថវិកាចំនួន៥០០,០០០រៀល ក្នុងការព្យាបាលជំងឺនៅមន្ទីពេទ្យផងដែរ។
សូមជម្រាបថា ដើម្បីជាការតបស្នង និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជូនដល់សហគមន៍ឥស្លាមកម្ពុជា នូវគ្រូបង្រៀនខ្មែរឥស្លាមបានចូលក្របខណ្ឌរដ្ឋ ថ្នាក់ដឹកនាំ និងគ្រូបង្រៀនខ្មែរឥស្លាមទូទាំងប្រទេស បានបង្កើតសមាគមគ្រូបង្រៀនខ្មែរឥស្លាម ដើម្បីប្រមូលមូលនិធិ រួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាពវិស័យអប់រំនៅកម្ពុជា តាមរយៈការរួមសហការគ្នា ក្នុងការអនុវត្តពាក្យស្លោកអប់រំសកល «អប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីវិស័យអប់រំ (Education for all, All for Education)»។
ក្រុមគ្រួសារសព មានសេចក្តីត្រេកអរ និងសូមគោរពថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និងសមាគមគ្រូបង្រៀនខ្មែរឥស្លាម ដែលបានយកចិត្តទុកដាក់ដល់គ្រួសារគាត់ក្នុងនាមជាគ្រូបង្រៀនម្នាក់៕