(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានសំណូមពរនិងស្នើឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងពេលដែលអាកាសធាតុមានកការប្រែប្រួល ជៀសសវាងគ្រោះថ្នាក់ណាមួយកេីតឡេីងជាយថាហេតុ។
លោក សោម ពិសិដ្ឋ បានលើកឡើងដូចនេះនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ បន្តចុះពិនិត្យកាយរំដោះជំនន់ទឹកភ្លៀងតាមសាលារៀន និងលំនៅឋានមួយចំនួន របស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប។
លោកអភិបាលខេត្ត បន្តថា ជំនន់ទឹកភ្លៀងមកដល់ថ្ងៃនេះ មានការកម្រើកឡើងវិញតែតិចតួចប៉ុណ្ណោះ ដោយសារជំនន់ទឹកភ្លៀង ចាប់តាំងពីយប់មិញរហូតដល់ភ្លឺ ហើយមួយព្រឹកមិញទៀត ជាប់ៗគ្នា អញ្ចឹងហើយមានជួបនូវបញ្ហាប្រឈមខ្លះៗទេ គឺសល់ចំហាយតាំងពីថ្ងៃទី២៨,២៩, ៣០ និង៣១ ឃើញថាប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀង ក៏ដូចជា បង្ហូរទឹកភ្លៀងមួយចំនួន មានការកកស្ទះ ដូច្នេះនៅក្នុងថ្ងៃនេះមានការលិចជន ប៉ុន្តែមិនធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភនោះទេ នៅតាមសាលារៀនមួយចំនួន និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។
លោក សោម ពិសិដ្ឋ បានបន្ថែមថា ចំពោះបញ្ហានេះអាជ្ញាធរអាចគ្រប់គ្រងបាន គ្មានបញ្ហាអ្វីដែលកើតឡើងនោះទេ ហើយអ្វីដែលកើតឡើងមិនទាន់មានស្ថានភាពអ្វីគួរឲ្យព្រួយបារម្ភនោះទេ ប៉ុន្តែធ្វើយ៉ាងណាក្នុងនាមអាជ្ញាធរ ក៏ដូចក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត និងក្នុងនាមគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត គឺត្រូវតាមដានត្រួតពិនិត្យជាប្រចាំ អ្វីដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕