(កំពង់ធំ)៖ លើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិ្តកាលទី ៧ ដើម្បីរកចំណុចខ្លាំង ចំណុចខ្សោយ បទពិសោធន៍ល្អ និងបទពិសោធន៍ដែលត្រូវចៀសនាថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២៣ នៅស្នាក់ការគណបក្សស្រុក លោក ឃឹង នុភាព ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានជំរុញឲ្យក្រុមការងារបន្តចុះមូលដ្ឋានបន្តទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមជូនបងប្អូនប្រជាពលរដ្ឋ។
លោក ឃឹង នុភាព បានសង្កត់ធ្ងន់ថា ក្រុមការងារនិងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ត្រូវក្ដាប់ជាប់ផែនការសកម្មភាពរបស់ខ្លួន និងកម្មវិធីនយោបាយគោលនយោបាយ គោលការណ៍ដឹកនាំរបស់គណបក្ស ព្រមទាំងមេរៀនពិសោធន៍អំពីការបោះឆ្នោតមុនៗ ហើយបានខិតខំធ្វើសកម្មភាពជាប់ជាប្រចាំនៅមូលដ្ឋាន ដោយស្មារតីឯកភាពប្ដេជ្ញាដណ្ដើមជ័យជម្នះជូនគណបក្ស។
លោក ក៏បានថ្លែងអំណរគុណដល់ក្រុមការងារដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ដោយចំណាយទាំងថវិកាសម្រាប់ការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្រ្តនីតិកាលទីកាលទី៧កន្លងមក ដើម្បីទទួលបានជ័យជម្នះជូនគណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដឹកនាំប្រទេសឆ្ពោះទៅការកសាង និងអភិវឌ្ឍជាតិកាន់តែរីកចម្រើនខ្លាំង និងជឿនលឿន បានរក្សាមរតកនេះទុកជូនសម្រាប់យុវជនបន្តវេន និងប្រជាជនជំនាន់ក្រោយផងដែរ។
លោក ឃឹង នុភាព បានបញ្ជាក់ថា ក្រុមការងារត្រូវតែបន្តដោះស្រាយឲ្យបានទាន់ពេលវេលាជាមួយគ្នាប្រកបដោយភាពទន់ភ្លន់ម៉ឺងមាត់ ក្នុងការបំពេញកិច្ចការដោយធ្វើយ៉ាងណាឲ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពទទួលបាននូវលទ្ធផលខ្ពស់ បើទោះបីកន្លងមកថ្នាក់ដឹកនាំមន្ត្រី បុគ្គលិកទាំងអស់បានបំពេញកិច្ចការងារក្នុងការបម្រើសេវាជូនបងប្អូនបានល្អប្រសើរគួរឲ្យកត់សំគាល់យ៉ាងណាក៏ដោយ។
លោកបានថ្លែងសង្កត់ធ្ងន់ថា ការសម្រេចបាននូវលទ្ធផលដ៏ប្រសើរនេះយើងក៏មិនភ្លេចពីការដឹងគុណបំផុតចំពោះការដឹកនាំប្រទេសដែលមានគតិបណ្ឌិត និងឈ្លាសវៃខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្តេចបានដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ចុះៗទៅដល់មូលដ្ឋានបន្តទៀត កន្លែងដែលមានបញ្ហាប្រឈមក៏ដូចជាកន្លែងដែលមិនបានទទួលជោគជ័យដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋពិសេសពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាប់ជាប្រចាំ ។
លោក ឃឹង នុភាព សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជាដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត៕