(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC) មានរៀបចំពិធីបើកវេទិកាផ្លាស់ប្តូរយុវជនប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៣នៅកម្ពុជា (Asia Pacific Youth Exchange Cambodia 2023) ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅកាន់អនាគតប្រកបដោយចីរភាព៖ យុវជនជាដៃគូក្នុងការចូលរួមចំណែកការលូតលាស់ឡើងវិញក្រោយជំងឺកូវីដ១៩» (Towards a sustainable Future: Youth as Partners in Covid-19 Recovery)។

វេទិកានេះធ្វើឡើងមានរយ:ពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ក្រោមកិច្ចសហការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយសាកលវិទ្យាល័យ Hanyang University LInC Plus 3.0, Center for Sustainable Water និងដោយមានការឧបត្ថម្ភគាំទ្រពីដៃគូអភិវឌ្ឍន៍ដូចជា Urban Youth Academy (UYA), ADB, UNDP, UN-ESCAP) ព្រមទាំងមានការអញ្ជើញចូលរួមពីយុវជនប្រមាណជាង១០០នាក់ មកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ តំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោកសាស្រ្តាចារ្យបណ្ឌិត Hak Sung Kim នាយកសាកលវិទ្យាល័យ ហានយ៉ាង, លោក Hyoungmin Kim អគ្គនាយកនៃបណ្ឌិតសភាយុវជនទីក្រុង (UYA), លោកស្រី Raphaelle Veronica Ortega-David អភិបាលក្រុង La Union នៃប្រទេសហ្វ៊ីលីពីន, លោក Shakeel Ahmad តំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា, លោក ចាន់ វិរ: តំណាង World Bank ប្រចាំនៅកម្ពុជា និងបណ្តាដៃគូអភិវឌ្ឍជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហេង សុខគង់ បានស្វាគមន៍ដល់បណ្តាថ្នាក់ដឹកនាំប្រតិភូ និងយុវជនទាំងអស់ ដែលមកពីបណ្តាប្រទេសនានានៅតំបន់អាស៊ី ប៉ាស៊ីហ្វិកចូលរួមក្នុងកម្មវិធីវេទិកាផ្លាស់ប្តូរយុវជន ឆ្នាំ២០២៣ នៅកម្ពុជា នាពេលនេះ។

លោកបណ្ឌិត ក៏បានជម្រាបជូនពីសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងលឿនរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងចក្ខុវិស័យដែលនឹងប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោកបានបន្ថែមថា នៅកម្ពុជាយុវជនត្រូវបានទទួលស្គាល់ថា ជាទំពាំងស្នងឬស្សី ជាថាមវ័ន្តរបស់ជាតិ ជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់បន្តដឹកនាំ និងកសាងអភិវឌ្ឍន៍ជាតិមាតុភូមិតទៅមុខទៀត តែយុវជនខ្លួនឯងត្រូវកសាងសមត្ថភាព ពង្រឹង និងបង្កើតចំណេះដឹងជាប្រចាំ ដើម្បីអាចក្លាយខ្លួនជាទំពាំងដ៏រឹងមាំបាន ជាក់ស្តែងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានត្រៀមកម្លាំងយុវជនបន្តវេន ដែលពោរពេញដោយសមត្ថភាព និងបទពិសោធន៍សម្រាប់បន្តដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ឆាប់ៗខាងមុខនេះ និងដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិត ហេង សុខគង់ ក៏បានជម្រាបជូនពីការចូលរួមយ៉ាងសកម្មរបស់យុវជនស្មគ្រចិត្ត រួមទាំងយុវជនជាពេទ្យស្មគ្រចិត្ត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា រហូតកម្ពុជាទទួលបានជោគជ័យជាប្រទេស ដែលអាចគ្រប់គ្រងជំងឺកូវីដ១៩ បានល្អជាងគេនៅក្នុងពិភពលោក។ បន្ថែមពីលើនេះ លោកបណ្ឌិត បានផ្តល់ជូននូវអនុសាសន៍ចំនួន៧ ចំណុចជូនដល់វេទិកាយុវជនយើងដូចខាងក្រោម៖

*ទី១៖ ការចូលរួមជាមួយអង្គការវិស័យឯកជនក្នុងស្រុក៖ លើកទឹកចិត្តអ្នកចូលរួមការផ្លាស់ប្តូរយុវជនអាស៊ីប៉ាស៊ីហ្វិក ឲ្យសហការ និងធ្វើអន្តរកម្មដោយផ្ទាល់ជាមួយក្រុមហ៊ុន ក្នុងស្រុកក្នុងប្រទេសកម្ពុជា។ នេះនឹងផ្តល់ឲ្យពួកគេនូវការយល់ដឹងដោយផ្ទាល់ អំពីតួនាទីរបស់វិស័យឯកជនក្នុងការសម្រេចបាន SDGs និងឱកាសសម្រាប់ការរួមចំណែករបស់យុវជនចំពោះកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

*ទី២៖ ការអនុវត្តគម្រោងដោយផ្ទាល់៖ រួមបញ្ចូលវគ្គជាក់ស្តែង និងសិក្ខាសាលាដែលផ្តោតលើការកសាងសមត្ថភាព និងជំនាញរបស់យុវជនក្នុងការអនុវត្តគម្រោងស្របតាម SDGs។ នេះនឹងអនុញ្ញាតឲ្យអ្នកចូលរួមអនុវត្តចំណេះដឹងរបស់ពួកគេ និងរៀនពីរបៀបរៀបចំផែនការ និងអនុវត្តគំនិតផ្តួចផ្តើមប្រកបដោយប្រសិទ្ធភាព ដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

*ទី៣៖ សម្របសម្រួលការស្វែងយល់ពីវប្បធម៌ និងការផ្សាភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា៖ រៀបចំវគ្គដែលមានរចនាសម្ព័ន្ធដែលលើកកម្ពស់អន្តរកម្ម និងកិច្ចសហការរវាងយុវជនមកពីប្រទេសផ្សេងៗគ្ នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះនឹងអនុញ្ញាតឲ្យមានការផ្លាស់ប្តូរគំនិត ការចែករំលែកការអនុវត្តល្អបំផុត និងការបង្កើតភាពជាដៃគូសម្រាប់គម្រោងដែលទាក់ទងនឹង SDG នាពេលអនាគត។

*ទី៤៖ ការផ្តល់សិទ្ធិអំណាចតាមរយៈការធ្វើសេចក្តីសម្រេចចិត្ត៖ ផ្តល់ឱកាសសម្រាប់យុវជនក្នុងការចូលរួមយ៉ាងសកម្ម ក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាព ដែលនឹងអាចសម្រេចបានតាមរយៈការពិភាក្សាគ្នាជាក្រុម ការហ្វឹកហាត់ ឬសិក្ខាសាលា ដែលផ្តោតលើការបញ្ចូលយុវជន និងការចូលរួមប្រកបដោយអត្ថន័យក្នុងការបង្កើតគោលនយោបាយនៅកម្រិតផ្សេងៗ។

*ទី៥៖ ការលើកកម្ពស់ការស្ម័គ្រចិត្តរបស់យុវជន៖ គូសបញ្ជាក់ពីសារៈសំខាន់នៃការស្ម័គ្រចិត្តរបស់យុវជនជាឧបករណ៍ ដ៏មានឥទ្ធិពលសម្រាប់គាំទ្រដល់ការសម្រេចបាននូវ SDGs ។ បង្ហាញពីគំនិតផ្តួចផ្តើមស្ម័គ្រចិត្ត ដែលដឹកនាំដោយយុវជនដែលទទួលបានជោគជ័យ ចែករំលែករឿងរ៉ាវដែលបំផុសគំនិត និងផ្តល់ការណែនាំអំពីរបៀប ដែលអ្នកចូលរួមអាចចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត ដើម្បីបង្កើតផលវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។

*ទី៦៖ រួមចំណែកដល់ចំណេះដឹង និងការស្រាវជ្រាវ៖ លើកទឹកចិត្តឲ្យអ្នកចូលរួមធ្វើការស្រាវជ្រាវ ឬសរសេរអត្ថបទអំពីបទពិសោធន៍របស់ពួកគេ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរយុវជនអាស៊ីប៉ាស៊ីហ្វិក។ នេះនឹងរួមចំណែកដល់ផ្នែកស្រាវជ្រាវ ស្តីពីការរួមចំណែករបស់យុវជនចំពោះការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ដោយផ្តោតជាក់លាក់លើ SDGs។ ផ្តល់ឱកាសក្នុងការបោះពុម្ពផ្សាយសម្រាប់ស្នាដៃឆ្នើម និងលើកទឹកចិត្តអ្នកចូលរួមឲ្យចែករំលែកការរកឃើញ និងការយល់ដឹងរបស់ពួកគេជាមួយអ្នកចូលរួមឲ្យកាន់តែទូលំទូលាយ។

*ទី៧៖ ជំរុញភាពជាដៃគូក្នុងតំបន់ និងសកលលោក៖ សង្កត់ធ្ងន់លើសារៈសំខាន់ នៃការកសាងភាពជាដៃគូ និងការសហការក្នុងចំណោមអង្គការយុវជននៅអាស៊ី និងប៉ាស៊ីហ្វិក។ ស្វែងរកផ្លូវសម្រាប់ភ្ជាប់អ្នកចូលរួមជាមួយបណ្តាញក្នុងតំបន់ និងពិភពលោកដែលមានស្រាប់ ដោយប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គមនានា ដែលផ្តោតលើការអភិវឌ្ឍន៍យុវជន និង SDGs។ នេះនឹងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការដែលកំពុងបន្ត និងអនុញ្ញាតឲ្យមានគំនិតផ្តួចផ្តើមរួមគ្នានាពេលអនាគត ក្នុងគោលបំណងសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍប្រកបដោយចីរភាព។

នៅចុងបញ្ចប់លោកបណ្ឌិត ហេង សុខគង់ បានស្នើឲ្យអ្នកសម្របសម្រួលរៀបចំកម្មវិធី ទស្សនកិច្ចទីក្រុង City Tour ដើម្បីឲ្យយុវជនដែលមកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិកទាំងអស់បានមើលឃើញពីការរីកចម្រើនពិតប្រាកដរបស់កម្ពុជា ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងជូនពរយុវជនយើង ឲ្យមានភាពសប្បាយរីករាយ និងសុខសុវត្ថិភាពពេលត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញផងដែរ។

សូមជម្រាបថា បច្ចុប្បន្ននៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកមានយុវជន ដែលមានអាយុពី១៥ ដល់២៤ឆ្នាំ ប្រមាណ២២០លាននាក់ ដែលជាកម្លាំងពលកម្ម និងជាធនធានដ៏មានសារសំខាន់សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន និងទៅអនាគត៕