(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តទទួលបន្ទុកគ្រោះមហន្តរាយខេត្តក្រចេះ បានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង-ស្រុកទាំង ៧ ត្រូវត្រៀមរៀបចំសម្អាត និងកែលម្អទីតាំងទួលសុវត្ថិភាព និងទីទួលសាធារណៈ ដែលមានស្រាប់ឲ្យបានរួចរាល់ជាមុន ដើម្បីទុកជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ និងជាពិសេសបន្តចុះពិនិត្យហាមឃាត់ចំពោះសកម្មភាពចូលកាប់ទន្រ្ទានយកដី និងព្រៃក្នុងតំបន់ទីទួលសុវត្ដិភាពនេះឧ្យខានតែបាន។
លោក គង់ គឹមនី បានលេីកឡេីងយ៉ាងដូចនេះ ក្នុងដំណើរចុះពិនិត្យ ទួលសុវត្ថិភាពដែលរដ្ឋបាលខេត្ត បានកំណត់ ត្រៀមទុកសម្រាប់ជម្លៀសនោះមានចំនួន ០៨ ទីតាំងនៃស្រុកចំនួន ០៤ ដែលមានភូមិសាស្រ្តជាប់នឹងបណ្តោយដងទន្លេមេគង្គ គឺស្រុកឆ្លូង-ចិត្របុរី -ព្រែកប្រសព្វ និងស្រុកសំបូរ ក្នុងរយៈពេល ៣ ថ្ងៃនេះចាប់ថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ។
លោក គង់ គឹមនី បានលេីកឡេីងទៀតថា ពាក់ព័ន្ធទៅនឹងការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយខាងលើ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានធ្វើការណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង-ស្រុកទាំង ៧ ត្រូវត្រៀមរៀបចំសម្អាត និងកែលម្អទីតាំងទួលសុវត្ថិភាព និងទីទួលសាធារណៈ ដែលមានស្រាប់ឲ្យបានរួចរាល់មុន ដើម្បីទុកជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ។
ត្រូវតាមដានត្រួតពិនិត្យជាប្រចាំនូវមុខសញ្ញាគ្រោះថ្នាក់ហានិភ័យ ដែលអាចគំរាមកំហែងដល់ប្រជាពលរដ្ឋងាយរងគ្រោះដូចជា ៖ ទឹកជំនន់ លង់ទឹក ខ្យល់កន្ត្រាក់ អគ្គីភ័យ រន្ទះបាញ់ ជាដើម -ត្រូវធ្វើរបាយការណ៍រដ្ឋបាល និងរបាយការណ៍តាមប្រព័ន្ធ PRISM ជូនលេខាធិការដ្ឋាន នៃគណៈ កម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត ជាប់ជាប្រចាំ ។
ក្នុងនោះដែរ លោកក៏បានចុះពិនិត្យនូវផលដំណាំកសិកម្មមួយចំនួនរបស់បងប្អូន ដែលកំពុងនឹងទទួលរងប៉ះពាល់ខូចខាតដោយសារទឹកជំនន់បានជន់លិចផងដែរ ។
សូមបញ្ជាក់ថា ស្រុកចំនួន ០៤ ក្នុងខេត្តក្រចេះ ដែលមានភូមិសាស្រ្តជាប់នឹងបណ្តោយដងទន្លេមេគង្គ បានត្រៀមបង្ការរួចជាស្រេច ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយពីទឹកជំនន់ទន្លេមេគង្គ ជំនន់ទឹកភ្លៀង ដើម្បីជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ មកស្នាក់នៅជាបណ្តោះអាសន្នផងដែរ៕