(ភ្នំពេញ)៖ ដោយយល់ឃើញអំពីសារៈសំខាន់ នៃសេវាសង្គ្រោះព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ជូនកុមារកម្ពុជា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានបន្តបរិច្ចាគថវិកា ១០ លានរៀលជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា មកដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់កុមារក្នុងន័យរក្សានិរន្តរភាពនៃកិច្ចដំណើរការសារមន្ទីរពេទ្យគន្ធបុប្ផាក្នុងព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីបរិច្ចាគថវិកានេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅឯមជ្ឈមណ្ឌលព័ត៌មានគន្ធបុប្ផា ក្រោមវត្តមានចូលរួមរបស់លោក Michael Wilde ប្រធាននាយកប្រតិបត្តិ ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងលោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា។

ប្រធាននាយកប្រតិបត្តិសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានថ្លែងថា វិស័យសុខាភិបាលនិងវិស័យអប់រំ គឺជាវិស័យពីរដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយក្នុងការកសាងធនធានមនុស្ស សាលាជាកន្លែងផ្តល់ការអប់រំ ខណៈមន្ទីរពេទ្យជាកន្លែងដែលធានាថាកុមារគ្រប់រូបមានសុខភាពល្អ និងសុវត្ថិភាព។ ហើយការចូលរួមចំណែករបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ប្រាកដនឹងអាចរួមចំណែកជួយដល់ផ្នែកណាមួយនៃដំណើរការមន្ទីរពេទ្យយ៉ាងពិតប្រាកដ។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលតែងតែចូលរួមបរិច្ចាគថវិកាជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរក្សាបាននូវនិរន្តរភាពសេវាសង្គ្រោះព្យាបាលកុមារកម្ពុជារាប់ម៉ឺននាក់ នៅតាមទីតាំងទាំង៥ របស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងប្រទេសកម្ពុជា។

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មិនត្រឹមតែយកចិត្តទុកដាក់ផ្តល់ការអប់រំមួយប្រកបដោយគុណភាពជូនសិស្សានុសិស្សប៉ុណ្ណោះទេ សាលាក៏តែងតែយកចិត្តទុកដាក់លើកិច្ចការមនុស្សធម៌ផងដែរ។

ជាក់ស្ដែងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តែងតែបរិច្ចាគថវិកាយ៉ាងទៀងទាត់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជាក្នុងពេលកន្លងទៅនេះ។ ការរួមចំណែកនេះបង្ហាញឱ្យឃើញនូវសមានចិត្តគិតគូរដល់សេក្តីសុខកុមារ និងប្រជាជនកម្ពុជា ហើយលើសពីនេះការបរិច្ចាគថវិកានេះក៏បានបង្ហាញអំពីទំនួលខុសត្រូវសង្គម Corporate Social Responsibility (CSR) ដែលជាការចូលរួមមួយដ៏សំខាន់នៃសហគ្រាស និងក្រុមហ៊ុនឯកជនជាមួយរដ្ឋាភិបាលដើម្បីការអភិវឌ្ឍសង្គមប្រកបដោយចីរភាព៕