(ភ្នំពេញ)៖ លោក សុខ សុគន្ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋខូឡូរ៉ាដូរ ព្រមទាំងគ្រួសារ និងលោក អ៊ុង សំអុល និងភរិយា រស់នៅរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក រួមទាំងក្រុមការងារ បានចុះទៅសំណេះសំណាល និងចែកសម្ភារសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាចំនួន៦ និងអនុវិទ្យាល័យ១។

សាលាទាំងនេះរួមមាន៖ សាលាបឋមសិក្សាឧត្តមទួលខ្ពស់, សាលាបឋមសិក្សាព្រៃមូល, សាលាបឋមសិក្សាសំព័រ, សាលាបឋមសិក្សាអង្គក្អោត, សាលាបឋមសិក្សាអំពិលទោល, អនុវិទ្យាល័យអំពិលទោល ក្នុងឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង និងសាលាបឋមសិក្សាសម្បត្តិឧត្តម ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោកគ្រូអ្នកគ្រូជាង៧០នាក់ និងសិស្សានុសិស្ស ២៤៦៦នាក់ បានចំណាយថវិកាសរុបទាំងអស់ចំនួន ១៣.៨៤២.០០០ រៀល ក្នុងនោះថវិកាលោក សុខ សុគន្ធា និងសប្បុរសជនដែលមកពីសហរដ្ឋអាមេរិក មានចំនួន ៥.៨៤២.០០០រៀល។

អំណោយដែលចែកដល់សិស្សានុសិស្សមានចំនួន១៣៦៦នាក់ ក្នុងម្នាក់ៗទទួលបាន រួមមាន៖ សៀភៅសរសេរ ចំនួន២ក្បាល ខ្មៅដៃចំនួន១ដើម ប៊ិចខៀវចំនួន01ដើម ជ័រលុបចំនួន១ និងសឺមីជ័រ ដាក់សម្ភារសិក្សា ចំនួន១ និងថវិកា២០០០រៀល។

ឧបត្ថម្ភដល់សាលាចំនួន៤ ដោយមួយសាលាទទួលបានថវិកា ២០ម៉ឺនរៀល លោកនាយកសាលាចំនួន៤នាក់ ដោយម្នាក់ៗទទួលបានថវិកា៨ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ចំនួន ៣៥នាក់ម្នាក់ៗទទួលបានថវិកា ៦ម៉ឺនរៀល។

ក្នុងឱកាសនោះ លោកគ្រូ អ្នកគ្រូ បានថ្លែងអំណរអរគុណយ៉ាវជ្រាលជ្រៅចំពោះសប្បុរសជនក្នុង និងក្រៅប្រទេសទាំងអស់ដែលបានចូលរួមជួយឧបត្ថម្ភ សម្ភារសិក្សា និងថវិកា សម្រាប់ចែកជូនដល់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សូមសប្បុរសជនទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕