(កំពង់ធំ)៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសចូលកាន់មុខដំណែងក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាពលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ។

អភិបាលខេត្តកំពង់ធំ បានជំរុញមន្ត្រីទាំងអស់ត្រូវខិតខំបម្រើសេវាសាធារណៈឱ្យអស់ពីកម្លាំងកាយចិត្តដោយគិតជាប្រយោជន៍រួម។

លោក ងួន រតនៈ សូមអបអរសាទរមន្ត្រីទាំងអស់ដែលបានខិតខំបំពេញតួនាទីការងារ ប្រកបដោយភាពត្រឹមត្រូវ យកអស់ពីកម្លាំងកាយចិត្ត រហូតទទួលបានការដំឡើងមុខដំណែង ដើម្បីបន្តអភិវឌ្ឍន៍និរន្តរភាពរដ្ឋបាលខេត្ត ឲ្យកាន់តែមានភាពច្បាស់លាស់ មានប្រសិទ្ធភាពខ្ពស់ក្នុងការផ្ដល់សេវាសាធារណៈ និងសេវាទូទៅគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរ។

លោក ងួន រតនៈ ជំរុញមន្ត្រីរាជការទាំងអស់ ជាពិសេសមន្ត្រីដែលបានតែងតាំងថ្មីទាំង២៧រូបនេះ ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពបន្ថែម មានស្មារតីការងារជាក្រុម គោរពវិន័យ សិក្សារស្វែងយល់នូវចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ឲ្យកាន់តែខ្លាំងជាងមុន ដើម្បីឲ្យទាន់សម័យកាលបច្ចេកវិទ្យានៃបរិបទសង្គមឌីជីថល។

លោក ងួន រតនៈ បានណែនាំមន្ត្រីជំនាញទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច រួមគ្នាបន្តបង្រា្កបនូវរាល់បទល្មើសនេសាទ និងព្រៃឈើគ្រប់ប្រភេទ ពិសេសត្រូវយកចិត្តទុកដាក់ពីសុខសុវត្ថិភាពរបស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពីការរងគ្រោះដោយសារបញ្ហាទឹកជំនន់ ព្រោះបច្ចុប្បន្ននេះពិភពលោកយើងទាំងមូល កំពុងតែរងការវាយប្រហារដោយគ្រោះធម្មជាតិដ៏សាហាវមួយនេះ។

លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលខេត្ត បានឲ្យដឹងថា មន្ត្រីរាជការក្នុងខេត្តកំពង់ធំ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣នេះ មានមន្ត្រីរាជការស៊ីវិលសរុបចំនួន ៧៨៩០នាក់។ ដោយឡែកមន្ត្រីដែលប្រកាសចូលកាន់តំណែង នាឱកាសនេះ មានចំនួន២៧រូប ក្នុងនោះរួមមាន៖ មន្ត្រីក្នុងរចនាសម្ព័ន្ធសាលាខេត្តចំនួន១៧រូប មន្ត្រីក្នុងរចនាសម្ព័ន្ធមន្ទីរសាធារណៈការនិងដឹកជញ្ជូន ០៣រូប មន្ត្រីក្នុងរចនាសម្ព័ន្ធមន្ទីរផែនការ ០៤រូប មន្ត្រីក្នុងរចនាសម្ព័ន្ធ មន្ទីរធម្មការនិងសាសនាចំនួន ០២រូប និងមន្ត្រីក្នុងរចនាសម្ព័ន្ធមន្ទីរមុខងារសាធារណៈចំនួន ០១រូប៕