(កំពង់ធំ)៖ រដ្ឋបាលខេត្ដកំពង់ធំ បានចេញសេចក្ដីជូនដំណឹង ពីការពិនិត្យព្យាបាលជំងឺទូទៅ ព្រមទាំងពិនិត្យឈាម ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបញ្ដាញព័ត៌មាន​ Fresh News ទទួលបាននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា មន្ទីរសុខាភិបាលខេត្ត បានសហការជាមួយសមាគមន៍ គ្រូពេទ្យស្ម័គ្រចិត្ត ខេត្តឡុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធី ពិនិត្យព្យាបាលជំងឺទូទៅជំងឺមាត់ធ្មេញ ថតឆ្លុះ ក្រពះ ពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) ចាក់ម្ជុលវិជ្ជាសាស្ត្រ ព្រមទាំងពិនិត្យឈាម ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

កម្មវិធីពិនិត្យព្យាបាលនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ខែសីហា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ តាមកម្មវិធីដូចខាងក្រោម៖

* ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង១០៖០០ព្រឹក ដល់ម៉ោង១៧៖០០ល្ងាច៖ ធ្វើការពិនិត្យព្យាបាលជំងឺជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទៅ។
* ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង០៧៖៣០ព្រឹក ដល់ម៉ោង១៧៖០០ល្ងាច៖ ធ្វើការពិនិត្យព្យាបាលជំងឺជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទៅ។
* ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង០៧៖៣០ព្រឹក ដល់ម៉ោង១២៖០០ថ្ងៃត្រង់៖ ធ្វើការពិនិត្យព្យាបាលជំងឺជូនបងប្អូនដែលជាមន្ត្រីរាជការ និងកងកំលាំងព្រមទាំងក្រុមគ្រួសារ។

អាស្រ័យអាស្រ័យហេតុនេះ សូមលោក-លោកស្រី មន្ត្រីរាជការ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋមេត្តារួសរាន់អញ្ជើញមកទទួលសេវាពិនិត្យព្យាបាលនេះ ឲ្យបានគ្រប់ៗគ្នាកុំបីខាន។
បញ្ជក់៖ រាល់ការមកទទួលសេវា ពិនិត្យ និងព្យាបាលនេះ គឺមិនតម្រូវឲ្យបង់ប្រាក់ទេ៕