(រតនគិរី)៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ ដែលបច្ចុប្បន្នទឹកកំពុងហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន ក្រោយទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

ក្នុងឱកាស នៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ លោក ញ៉ែម សំអឿន បានប្រាប់ថា អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោកបានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងជន់ឡើងខ្លាំងនេះ សូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ សម្រាប់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន និងក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ដើម្បីត្រៀមមធ្យោបាយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ប៉ាន់ប្រមាណអំពីផលប៉ះពាល់ ការបាត់បង់ ខូចខាត និងតម្រូវការដោយសារគ្រោះមហន្តរាយ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៣ គិតត្រឹមម៉ោង១៖២១រសៀលថ្ងៃនេះ បានឲ្យដឹងថា ស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់គ្នាជាប្រចាំអំឡុងចុងខែកក្កដា ឆ្នាំ២០២៣ បានបណ្តាលឲ្យក្នុងភូមិសាស្ត្រស្រុកមួយចំនួន នៅតំបន់ទំនាប និងតាមបណ្ដោយទន្លេ រងនូវការជន់លិចលង់ដោយសារជំនន់ទឹកភ្លៀងធ្វើឱ្យប៉ះពាល់ លើទ្រព្យសម្បត្តិ ផលដំណាំរបស់ប្រជាពលរដ្ឋ រួមមាន៖

*ទឹកជំនន់លិចចំនួន៣ស្រុក រួមមាន៖ ស្រុកលំផាត់ ស្រុកកូនមុំ និងស្រុកអូរយ៉ាដាវ មាន៧ឃុំ ស្មើនឹង ១៥ភូមិ ដែលប៉ះពាល់ប្រជាពលរដ្ឋ ចំនួន ៣២៩គ្រួសារ ស្មើនឹងមនុស្ស ១,១៩៥នាក់ (ស្រី ៦១០នាក់) របួស១នាក់។
*ផ្ទះសម្បែងសរុប ចំនួន ៦៧ខ្នង វត្តអារាម ចំនួន១។
*ដំណាំចម្ការ/ដំណាំរួមផ្សំចំនួន ១០០ហិកតា សន្ទូង/ពង្រោះចំនួន ១០៥ហិកតា និងសំណាប ចំនួន ១០៣ហិកតា។
*ផ្លូវគ្រួសក្រហមប្រវែង ២,៧៦៩ម៉ែត្រ ស្ពានបេឡេត៍ចំនួន ៥កន្លែង និងលូកាត់ផ្លូវ ចំនួន ១១កន្លែង៕