(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គភាពព័ត៌មាន Fresh News ដែលតែងតែគាំទ្រសកម្មភាពមនុស្សធម៌ តាមរយៈការផ្សព្វផ្សាយនានា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីកុមារនៅកម្ពុជា ដែលកំពុងទទួលបានការសង្គ្រោះជីវិត នៅមន្ទីរពេទ្យគន្ធបុប្ផា។
លិខិតថ្លែងអំណរគុណរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ជូនអង្គភាពព័ត៌មាន Fresh News ដែលចុះហត្ថលេខា ដោយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានខ្លឹមសារដូច្នេះថា «មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រួលជ្រៅជូន អង្គភាពព័ត៌មាន Fresh News ដែលបានចូលរួមធ្វើការផ្សព្វផ្សាយ ដើម្បីបំផុសចលនាកៀរគរការបរិច្ចាគក្នុងស្មារតី ខ្មែរជួយខ្មែរ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងប្រធានកិត្តិយស សំដៅធានាចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ សូមប្រសិទ្ធពរ បរវសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានបង្ហាញនូវក្តីរីករាយ ចំពោះការទទួលបានលិខិតថ្លែងអំណរគុណ ពីមូលនិធិគន្ធបុប្ផាកម្ពុជា និងបានចាត់ទុកលិខិតនេះ ជាការលើកទឹកចិត្តបន្ថែមទៀត ដល់អង្គភាពព័ត៌មាន Fresh News ចំពោះការគាំទ្រសកម្មភាពមនុស្សធម៌ តាមរយៈការផ្សព្វផ្សាយនានា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ ក៏បានប្តេជ្ញានឹងបន្តចូលរួមចំណែកឱ្យកាន់តែសកម្មថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបំផុសចលនាកៀរគរការបរិច្ចាគក្នុងស្មារតី ខ្មែរជួយខ្មែរ ដើម្បីអនាគតកុមារកម្ពុជា។
សូមជម្រាថា មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានបើកឱ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ បាននិងកំពុងសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា រាប់លាននាក់រហូតមកដល់បច្ចុប្បន្ន ប្រកបដោយគុណភាព មិនគិតថ្លៃ និងមិនមានការរើសអើង ជាមួយនឹងទំហំចំណាយប្រមាណ ៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ៕