(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរផលប្រយោជន៍ប្រជាជនជានិច្ច។
លោកជំទាវ បានថ្លែងបែបនេះ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលលោកតា-លោកយាយ ចំនួន៨១នាក់ នៅអង្គការមូលនិធិកុមារកម្ពុជា (CCF) ដោយមានផ្តល់អំណោយជាសំលៀកបំពាក់ សារ៉ុង គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន សម្រាប់លោកតា-លោកយាយប្រើប្រាស់ទៅតាមតម្រូវការនានា។
ក្នុងឱកាសជួបសំណេះសំណាលលើកទី៤ នៅអង្គការមូលនិធិកុមារកម្ពុជានោះ លោកជំទាវ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋជានិច្ច ទោះស្ថិតក្នុងដំណាក់កាលណាក៏ដោយ។
លោកជំទាវ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែមានការគិតគូរខ្ពស់ចំពោះហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការសាងសង់ផ្លូវឲ្យកាន់តែប្រសើរជាងមុខ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ទាំងអស់នៅទូទាំងប្រទេស។
លោកជំទាវ បានថ្លែងទៀតថា ពីមួយអាណត្តិទៅមួយអាណត្តិរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដល់សុខុមាលភាពមនុស្សចាស់ជានិច្ច តាមរយៈកម្មវិធីរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងកម្មវិធីមនុស្សធម៌របស់សប្បុរសជនជាដើម។
លោកយាយពីររូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់នូវអំណោយនាពេលខ្លះ ដើម្បីសម្រាលការលំបាក ក៏ដូចជាការចំណាយប្រចាំថ្ងៃរបស់ពួកគាត់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខិតជិតមកដល់។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈអង្គការមូលនិធិកុមារកម្ពុជា (CCF) ពិតជាបានរួចំណែកដ៏ច្រើនជួយដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារកម្ពុជាច្រើននាក់ ដែលត្រូវបានបោះបង់ ឬគ្មានទីរំពឹង។
លោកជំទាវ បានសំណូមពរដល់លោកតា-លោកយាយ ត្រូវថែទាំសុខភាពឲ្យបានល្អបំផុត ដើម្បីបន្តឃើញនូវការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល៕