(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើងថា៖ «ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នា ចូលរួមជាមួយខ្ញុំនៅថ្ងៃនោះជាមួយខ្ញុំ បើសិនចូលរួមជាមួយខ្ញុំយើងនឹងដឹងថា តើយើងជាខ្មែរម្នាក់មានមោទនភាពយ៉ាងម៉េចខ្លះនៅពេលដែលគេហៅឈ្មោះថា Cambodia និងជាម្ចាស់ផ្ទះរៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ នៅក្នុងឆ្នាំ២០២៦»។
ការលើកឡើងបែបនេះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានធ្វើឡើងនាព្រលប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសផ្តល់សម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ ក្រោយទទួលជោគជ័យយ៉ាងត្រចេះត្រចង់ នូវការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ (WAGGGS 39th) នៅឆ្នាំ២០២៦។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា ភាពប្រឹងប្រែង និងច្បាស់លាស់របស់សមាគមកាយឫទ្ធិនារីកម្ពុជា ក៏ត្រូវបានសមាគមនារីកាយឫទ្ធិពិភពលោក បានទទួលស្គាល់ពីការកិច្ចខិតខំប្រឹងប្រែង។ ជាពិសេសសមាគមកាយឫទ្ធិនារីកម្ពុជា ក៏ទទួលបានការកោតសសើរជាច្រើនពីសំណាក់សមាជិកនៃសមាគមមកាយឫទ្ធិនារី ដែលមកពីបណ្តាលប្រទេសផ្សេងៗថា សមាគមមកាយឫទ្ធិនារីកម្ពុជា រៀបចំបានយ៉ាងល្អនូវសកម្មភាពនានារបស់ប្រទេសកម្ពុជា តាមរយៈវីដេអូជាដើម។
ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់ថា អ្វីដែលជាមោទនភាពយ៉ាងខ្លាំងសម្រាប់កម្ពុជា ដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ គឺប្រទេសជាសមាជិកបានដឹងថាកម្ពុជា ជាប្រទេសដែលមានសុវត្ថិភាព សន្តិភាព ដែលជាទំនុកចិត្តធ្វើឱ្យប្រទេសជាសមាជិកទាំងបានបោះឆ្នោតគាំទ្រកម្ពុជា។
«បើសិនជាគ្មានសន្តិសុខ សុវត្ថិភាពទេ ទាំងខ្ញុំទាំងគេ ក៏មិនបោះឆ្នោតជូននោះដែរ ដែលនេះជាមោទនភាពមួយ»។ នេះជាគូសបញ្ជាក់បន្ថែមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
គួរឱ្យដឹងថា កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦ ដោយមានការចូលរួមបោះឆ្នោតក្នុងចំណោម ១០៤ប្រទេស នៃចំនួនសមាជិកសរុប ១៦៩ប្រទេស។
គួរជម្រាបថា សមាគមកាយឫទ្ធិនារីកម្ពុជា ដែលដឹកនាំលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅចូលរួមអង្គសន្និបាតលើកទី៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក (38th WAGGGS Conference) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និងសកម្ម ដើម្បីស្នើបេក្ខភាពកម្ពុជាឱ្យបានចូលរួមបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦។
កម្ពុជាត្រូវបានជាប់ក្នុងចំណោម៣ ប្រទេសចុងក្រោយរួមមាន៖ កម្ពុជា, ហ្គាណា និងទុយនេស៊ី ក្រោយពីគណៈកម្មាធិការបានវាយតម្លៃយ៉ាងល្អិតល្អន់ សម្រាប់ឈានទៅបោះឆ្នោតវគ្គបន្ត។ បន្ទាប់មកកម្ពុជាយើងក៏បានបន្តជាប់ក្នុងចំណោម២ ប្រទេសចុងក្រោយ គឺកម្ពុជា និងហ្គាណា ដើម្បីឈានទៅបោះឆ្នោតសម្រេចផ្ដាច់ព្រ័ត្រ ហើយនៅទីបំផុត និងជាលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរាជាណាចក្រកម្ពុជាយើងត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។ សូមបញ្ជាក់ថា សមាគមកាយប្ញទ្ធិនារីពិភពលោក មានសមាជិកមកពី១៦៩ ប្រទេស មកពីគ្រប់ទ្វីបលើពិភពលោក»៕