(ភ្នំពេញ)៖ បន្ទាប់ពីការកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាអស់រយៈ​ពេល​ជាង ៣៨ឆ្នាំ សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តមិនបន្តតំណែងទៀត​នោះ​ឡើយ។ តំណែងដែលមានការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាជាតិ និងប្រជាជន​កម្ពុជានេះ នឹងត្រូវប្រគល់ឱ្យទៅលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាកូនប្រុសច្បង​របស់សម្តេច ហើយត្រូវបានជ្រើសរើសដោយគណៈអចិន្ត្រៃយ៍​បក្សប្រជាជន​កម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ​២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា ការប្រគល់​តួនាទីជូនដល់យុវជននាពេលនេះ ដើម្បីធានាបាននូវស្ថេរភាព និងការអភិវឌ្ឍន៍​សង្គមកម្ពុជាក្នុងរយៈពេលវែង។

ការសម្រេចដាក់ចុះនូវអម្រែកជាតិនាពេលនេះ គឺជារឿងដ៏ភ្ញាក់ផ្អើល ហើយក៏ជា​ព្រឹត្តិ​ការណ៍នៃរបត់ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមជីវិតនយោបាយជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥។ រយៈពេលជាង៣៨ឆ្នាំ ក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេច​​តេជោ ហ៊ុន សែន បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហា​របស់​​ជាតិ ប្រឹងប្រែងកសាងអភិវឌ្ឍន៍ជាតិពីគំនរផេះផង់ភ្លើងសង្គ្រាម ដោះស្រាយគ្រោះអត់ឃ្លានរបស់ប្រជាពលរដ្ឋ។

សមិទ្ធផលធំៗជាច្រើនបានកើតមានលើដែនដីកម្ពុជា ក្រោមការដឹកនាំរបស់​សម្តេចតេជោ មានដូចជាការនាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ជំរុញសេដ្ឋកិច្ចជាតិចេញពីឋានៈប្រទេសក្រីក្រមកកាន់ប្រទេសមានចំណូលមធ្យមកម្រិតទាប លើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែ​ល្អ​ប្រសើរ ហើយក៏បានលើកកម្ពស់កិត្តិនាម និងកិត្តិស័ព្ទរបស់ជាតិកម្ពុជាឱ្យខ្ពង់​ខ្ពស់​លើឆាកអន្តរជាតិជាថ្មី បន្ទាប់អីអាប់ឱនរបស់រយឆ្នាំព្រោះតែវិបត្តិ​នៃ​សង្គ្រាម។

ក្នុងឋានៈជានាយករដ្ឋមន្ត្រីនេះ សម្តេចតេជោ ហ៊ុន សែន តែងតម្កល់ខ្ពស់នូវ​សុខ​​ទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងចុះប្រាស្រ័យទាក់ទងជាមួយប្រជាពល​រដ្ឋគ្រប់មជ្ឈដ្ឋានប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត។

សមិទ្ធផលការងារ ស្នាដៃដឹកនាំ និងការយកចិត្តទុកដាក់របស់សម្តេចតេជោ ចំពោះជាតិ និងប្រជាជនកម្ពុជានេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការនឹក​ស្រណោះ និងអាឡោះអាល័យ នៅពេលសម្តេចតេជោប្រកាសលាឈប់ពី​តំណែងជានាយករដ្ឋមន្ត្រី។

ប្រជាពលរដ្ឋស្រុកកៀនស្វាយ ដែលបានចូលរួមក្នុងពិធីសម្ពោធផ្លូវក្រវាត់ក្រុង​ទី៣ បានថ្លែងថា ពួកគេនឹករលឹកចំពោះសម្តេច ហើយក៏ចងចាំជានិច្ចនូវគុណ​បំណាច់របស់សម្តេចតេជោ ដែលបានលះបង់ចំពោះជាតិ និងប្រជាជនកម្ពុជា។

បើទោះបីជាយ៉ាងណាពួកគេ គោរពការសម្រេចចិត្តរបស់សម្តេចតេជោ ចំពោះ​ការរៀ​ប​ចំឱ្យមានអ្នកបន្តវេន ដែលជារឿងដ៏ស័ក្តិសមបំផុត។

ប្រជាពលរដ្ឋស្រុកកៀនស្វាយ ក៏បានសម្តែងការគាំទ្រចំពោះបេក្ខភាព​លោក​បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជាក្នុងអាណត្តិថ្មី។ ពួកគេជឿជាក់​ថា លោកបណ្ឌិត នៅតែបន្តតាមគន្លងសម្តេចតេជោ តម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ហើយធ្វើឱ្យកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលជាបំណងប្រាថ្នាធំរបស់ប្រជាជនកម្ពុជា៕