(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រតិភូសភាអាមេរិក ជជែកពីការពង្រឹងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។
ជំនួបពិភាក្សានោះ បានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ គណៈប្រតិភូសភាអាមេរិកចូលជួបពិភាក្សានាពេលនោះ ដឹកនាំដោយលោក Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាមេរិក (United States House Committee on Ways and Means) និងមានការចូលរួមពីសមាជិកសភាអាមេរិកចំនួន ៧នាក់ផ្សេងទៀត។ ចូលរួមក្នុងកិច្ចប្រជុំនោះ ក៏មានវត្តមានលោក ផាតទ្រីក មូហ្វី អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងសហការីមួយចំនួនទៀតផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាទៅលើវិធីសាស្ត្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រី បានជម្រាបជូនពីលទ្ធផលនៃការបោះឆ្នោតដែលបានប្រព្រឹត្តទៅក្នុងខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ និងអំពីវឌ្ឍនភាពថ្មីៗក្នុងការពង្រីកទីផ្សាររបស់កម្ពុជា ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគី ក៏ដូចជាការរៀបចំបរិយាកាសធុរកិច្ច និងវិនិយោគឱ្យរឹតតែប្រសើរឡើង ដើម្បីទាក់ទាញការវិនិយោគឱ្យបានរឹតតែច្រើនបន្ថែមទៀត។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានស្នើសុំឱ្យសភាអាមេរិកបន្តឡើងវិញនូវប្រព័ន្ធ GSP របស់ខ្លួន។ ជាពិសេសសម្រាប់ទំនិញមួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរជាដើម។ លោករដ្ឋមន្ត្រី យល់ថា ការបន្តឡើងវិញនូវប្រព័ន្ធ GSP នេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។
ជាចុងក្រោយ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យក្រុមហ៊ុនអាមេរិក មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីទាញយកផលចំណេញពីគ្នាទៅវិញទៅមក៕