(ភ្នំពេញ)៖ ស្ត្រីអ្នកខេត្តរតនគិរីម្នាក់ទៀត ដែលលង់ខ្លូនប្រព្រឹត្តកំហុស​គូស​បំផ្លាញ​​សន្លឹកឆ្នោតតាមការញុះញង់របស់អ្នកនយោបាយជ្រុលនិយមក្បត់ជាតិ សម រង្ស៉ី បានចេញមុខសារភាពទទួលស្គាល់កំហុស និងសូមការអនុគ្រោះ​ពី​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ស្ត្រីដែលចេញមកទទួលស្គាល់កំហុសក្នុងការចូលរួមបំផ្លាញដំណើរប្រជាធិបតេយ្យនៅកម្ពុជានេះ មានឈ្មោះ គន់ ស្រស់ អាយុ ៣៥ឆ្នាំ។

គន់ ស្រស់ បានបញ្ជាក់ក្នុងវីដេអូឃ្លីបយ៉ាងដូច្នេះ «នាងខ្ញុំពិតជាមានការ​សោក​ស្តាយ ដែលជឿការញុះញង់ទណ្ឌិត សម រង្ស៉ី ដែលជាមេខ្លោង ធ្វើឱ្យប៉ះពាល់ និងមានកំហុសឆ្គងនឹងផ្លូវច្បាប់»

ស្ត្រីដែលចាញ់កលការញុះញង់ធ្វើទង្វើល្មើសនឹងច្បាប់បោះឆ្នោតរូបនេះ ក៏បាន​គោរពថ្លែង​អំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ក្តីមេត្តា និងអនុ​គ្រោះ​ដល់​រូបនាង និងពលរដ្ឋខ្មែរដទៃទៀត ដែលលង់ជឿការញុះញង់របស់​ទណ្ឌិត សម រង្ស៉ី។

សូមរំលឹកថា នៅមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ក្រុម​អ្នក​នយោបាយជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៉ី បានធ្វើយុទ្ធនា​ការបំផុសបំផុលប្រជាពលរដ្ឋឱ្យគូសបំផ្លាញសន្លឹកឆ្នោត។ ការគូសបំផ្លាញ​សន្លឹក​​ជាទង្វើផ្ទុយនឹងច្បាប់ស្តីពីការបោះឆ្នោតរបស់កម្ពុជា។

ក្នុងយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោតនេះ ក្រុមអ្នកនយោបាយជ្រុលនិយម បានបង្កើតគ្រុបតេឡេក្រាម ឈ្មោះ «Sbai សប្បាយ» បម្រើដល់សកម្មភាព​របស់​ពួកគេ។ តាមរយៈគ្រុបតេឡេក្រាមនេះ សមត្ថកិច្ច កំណត់បានមុខសញ្ញា​អ្នកប្រព្រឹត្តល្មើសនឹងច្បាប់ជាច្រើនរូប។

បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានទុកឱកាសឱ្យ​មុខ​សញ្ញា​ប្រព្រឹត្តល្មើសនឹងច្បាប់បោះឆ្នោតទាំងអស់នោះ ចេញមកសារភាពទោស​កំហុស ដើម្បីទទួលបានការអនុគ្រោះ។

ចាប់ពីល្ងាចថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ មកដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ​២០២៣ មានអ្នកចេញសារភាពកំហុសសរុបចំនួន ១០នាក់ ក្នុងចំណោម​មុខ​សញ្ញាមានក្នុងបញ្ជីឈ្មោះចំនួន ៤៤នាក់។ អ្នកសារភាពកំហុសទាំងនោះ​រួម​មាន៖
១៖ ឈ្មោះ ឆាយ រ័ត្ន ភេទប្រុស អាយុ ៤៧ឆ្នាំ អតីតក្រុមការងារ​បណ្តោះ​អាសន្ន​ខេត្តព្រះសីហនុ និងជាអនុប្រធានប្រតិបត្តិខេត្តព្រះសីហនុ។
២៖ ឈ្មោះ ឡេង សុវណ្ណ ភេទស្រី អាយុ ៤២ ឆ្នាំ។
៣៖ ឈ្មោះ ថាច់ ជាចន្ថា ភេទស្រី អតីតប្រធានចលនាយុវជន​ខណ្ឌច្បារ​អំពៅ។
៤៖ ឈ្មោះ សយ ឧត្តម ភេទប្រុស អាយុ ២៩ឆ្នាំ។
៥៖ ឈ្មោះ សេង ប៊ុនហាន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅរាជធានីភ្នំពេញ។
៦៖ ឈ្មោះ ជា សេរី ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅខេត្តតាកែវ។
៧៖ ឈ្មោះ ហ៊ត ហ៊ាង ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ។
៨៖ ឈ្មោះ ចំរើន សិរីទិត្យ ភេទប្រុស។
៩៖ ឈ្មោះ ឌិន សុធារិទ្ធ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅខេត្តតាកែវ។
១០៖ ឈ្មោះ គន់ ស្រស់ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅខេត្តរតនគិរី៕