(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន៥ ស្ថិតក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។
សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល ៣ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយលើក លែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុក ម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុងរយៈពេល៧ថ្ងៃ៕