(ព្រះសីហនុ)៖ ជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ និងក្លែងបន្លំឯកសារសាធារណៈ (ប្រើផ្លាកលេខក្លែងក្លាយ) ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួន។ នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។
របាយការណ៍ដដែលបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានជិះម៉ូតូល្បាតតាមដងផ្លូវដល់ចំណុចមុខផ្សារទំនើបចិន ឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទេះឃើញម៉ូតូ០២គ្រឿង កំពុងឈប់នៅមុខផ្សារទំនើបចិន ដោយមានបុរសជនជាតិខ្មែរ៥នាក់ អង្គុយនៅលើម៉ូតូ ក្នុងនោះមាន៣នាក់ អង្គុយនៅលើម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ និង២នាក់ទៀត អង្គុយនៅលើ ម៉ូតូ១គ្រឿង ម៉ាក និច ពណ៌ស-ខៀវ ពាក់ផ្លាកលេខភ្នំពេញ1JX-0381 គួរឲ្យសង្ស័យទើបកម្លាំងសមត្ថកិច្ចយើងចូលទៅសួរនាំ និងត្រួតពិនិត្យ។
ភ្លាមនោះស្រាប់តែជនសង្ស័យបានបើកម៉ូតូរត់គេចខ្លួន កម្លាំងសមត្ថកិច្ចបានជិះដេញតាមដល់ចំណុចផ្លូវមុខផ្ទះសម្តេចតេជោ ហ៊ុន សែន ឆ្នេរអូរឈើទាល ទើបស្ទាក់ឃាត់បានម៉ូតូ ១គ្រឿង ម៉ាក និច និងជនសង្ស័យ២នាក់ រីឯជនសង្ស័យ៣នាក់ទៀត ដែលជិះម៉ូតូ ម៉ាក Honda Dream C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ បានជិះម៉ូតូរត់គេចខ្លួនបាត់ កម្លាំងសមត្ថកិច្ចយើងបានបន្តការស្រាវជ្រាវរហូតដល់វេលាម៉ោង០៤៖៣០នាទីល្ងាច ទើបឃាត់ខ្លួនបានបក្ខពួកជនសង្ស័យចំនួន២នាក់បន្ថែមទៀត យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។
បន្ទាប់ពីធ្វើការសាកសួរ និងស្រាវជ្រាវស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ បានប្រព្រឹត្តិបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ និងក្លែងបន្លំឯកសារសារធារណៈ (ប្រើផ្លាកលេខម៉ូតូក្លែងបន្លំ)។ ជនសង្ស័យទាំង៤នាក់ មានឈ្មោះដូចខាងក្រោម៖
*ទី១៖ ឈ្មោះ អុន ជូ អាយុ១៩ឆ្នាំ មុខរបរដឹកម្ហូប មានទីលំនៅភូមិកម្ចីចាស់ ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
*ទី២៖ ឈ្មោះ ពេជ្រ ចន្ថា ហៅក្រៅ អាធ្មេញ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ រាជធានីភ្នំពេញ
*ទី៣៖ ឈ្មោះ ប៊ុន សុខមាន អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី៤៖ ឈ្មោះ យឹម គីមហាក់ ហៅក្រៅ អាតឿ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
សម្ភារវត្ថុតាងចាប់យកបាន៖ ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស-ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1JX-0381 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស) និងម៉ូតូ១គ្រឿង ម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខកំពត 1V-2834 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស) និងសម្ភារផ្សេងៗមួយចំនួន។ ចំពោះជនសង្ស័យទាំង៤នាក់ខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕