(រតនគិរី)៖ ក្រោយមើលឃើញ វត្តសុវណ្ណគិរីបរឡយ នៅឆ្ងាយពីទីរួមខេត្តរតនគិរី មានភាពអត្តខ័តខ្លាំងនោះ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ លោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី និងឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញន មានទឹកចិត្តសទ្ធាជ្រះថ្លា នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ស្ថិតក្នុងភូមិបរឡយ ឃុំកិចុង ស្រុកបរកែវ និងដោយមានការចូលរួមពីប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ផងដែរ។

លោក វ៉ាន់ សោភា បានថ្លែងថា ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

លោកបន្តថា បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនា មានការីកចម្រើនយ៉ាងឆាប់រហ័សបើទោះបីជាប្រជាពលរដ្ឋរស់នៅទីណាក៏ដោយក៏មានវត្តអារាម មានព្រះវិហារ មានអាស្រម សម្រាប់ឲ្យបងប្អូនដែលបានគោរព និងអភិរក្សតម្លៃព្រះពុទ្ធសាសនា តាមទំនាមទំលាប់ប្រពៃណីខ្មែរក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន គាំទ្រឲ្យប្រជាពលរដ្ឋ ថែរក្សាប្រពៃណីដូនតារបស់ខ្មែរយើង ឲ្យកាន់តែល្អប្រសើរផងដែរ។

លោកបន្តទៀតថា នៅតាមបណ្ដាវត្តអារាមនានានៅទូទាំងប្រទេសកម្ពុជា យើងឃើញមានការសាងសង់សំណង់ជាព្រះវិហារ កុដិ សាលាឆាន់ព្រោងព្រាត សម្រាប់ទុកជាទីសក្ការៈបូជានិងសម្រាប់ព្រះសង្ឈគង់នៅ។ ប្រសិនបើប្រទេសជាតិមិនមានសុខសន្ដិភាព គ្មានការរីកចម្រើន ប្រជាពលរដ្ឋមិនមានជីវភាពធូធារ ហើយការកសាងនៅតាមវត្តអារាមក៏និងមិនមានការកើតឡើងនោះទេ ហើយពុទ្ធបរិស័ទ្ធក៏និងមិននាំគ្នាទៅចូលរួមពិធីបុណ្យនៅតាមវត្តអារាមនោះដែរ។

លោក ក៏បានអំពាវនាវឲ្យបងប្អូនពុទ្ធបរិស័ទទាំងអស់ដែលមានជំនឿលើព្រះពុទ្ធសាសនា សូមបន្តចូលរួមការធ្វើបុណ្យដាក់ទានជួយកសាងវត្តអារាម សាលារៀន និងជាពិសេសកសាងអំពើល្អឲ្យបានគ្រប់គ្នាៗ ដើម្បីធ្វើយ៉ាងណាឲ្យសង្គមជាតិយើងក្លាយជាសង្គមដែលគ្មានអំពើហឹង្សាជាសង្គមមានតែវប្បធម៌សន្ដោសប្រណីដល់គ្នាទៅវិញទៅមក ។ បន្ថែលើនេះទៀតលោកបានលើកឡើងថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌សង្គម ជាទីជម្រក សម្រាប់ការសិក្សាអប់រំរបស់កូនអ្នកស្រុក និងជាកន្លែងសម្រាប់ស្នាក់នៅបន្តការសិក្សារបស់យុវជនផងដែរ ម្យ៉ាងវិញទៀតសូមឲ្យប្រជាពលរដ្ឋសូមចូលរួមថែរក្សា និងកែលម្អវត្តអារាមឲ្យក្លាយទៅជាកន្លែងទេសចរណ៍កម្សាន្តក៏ដូចជាលើកកម្ពស់វិស័យវប្បធម៌របស់ជាតិយើងឲ្យបានរីកចម្រើនរុងរឿងតទៅមុខ។

គួរបញ្ជាក់ថា ទេយ្យទានដែលយកទៅប្រគេនព្រះសង្ឃគង់នៅទីអារាមខាងលើរួមមាន៖ ទៀនព្រះវស្សា១គូរ, ប្រេងម៉ាស៊ូត១កាន, ប្រេងសាំង១កាន, អង្ករ ៦បេរ,ស្លាដក់៤ឈុត, ត្រីងៀត៣គីឡូក្រាម, ប៊ីចេង២គីឡូក្រាម, ទឹកសុទ្ធកាចាញ១០យួរ, ទឹកផ្លែឈើ១កេស, ខារ៉ាបាវ១កេស, បាកាស១កេស, តែ១គីឡូក្រាម, មីជាតិ៣កេស, ត្រីខថៃ៥យួរ, ស្ករថៃ៥គីឡូក្រាម និងបច្ច័យមួយចំនួន៕