(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន នៅថ្ងៃទី០២ ខែសីហានេះ បានចេញលិខិតមួយច្បាប់ផ្ញើជូនដល់រដ្ឋមន្ត្រី គ្រប់ក្រសួងស្ថានប័នទាំងអស់ ឲ្យពន្លឿនការផ្តល់សំណុំឯកសារ ស្នើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិមន្ត្រីនៃក្រសួងទាំងនោះ ឲ្យបានមុនថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ទៀតថា សម្រាប់ការដំឡើងថ្នាក់ ឋានន្តរស័ក្តិជូនមន្ត្រីរាជការស៊ីវិល ត្រូវអនុវត្តន៍តាមវេនជ្រើសរើស និងវេនអតីតភាពការងារ ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការចូលរួមសហការអនុវត្តន៍។
ក្រសួងមុខងារសាធារណៈបានបញ្ជាក់ទៀតថា សម្រាប់ការដំឡើងថ្នាក់ ឋានន្តរស័ក្តិប្រចាំាឆ្នាំបន្តបន្ទាប់ គ្រប់ក្រសួង ស្ថាប័ន ត្រូវផ្តល់សំណុំឯកសារឲ្យបានយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែមករារៀងរាល់ឆ្នាំ ដើម្បីឲ្យក្រសួងមុខងារសាធារណៈ មានពេលវេលាគ្រប់គ្រាន់ក្នុងការពិនិត្យ និងផ្តល់ទិដ្ឋាការជូនបានទាន់ពេលវេលា៕