(ឧត្តរមានជ័យ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីនៃកម្ពុជា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ នឹងទទួលកេរមរតកជាប្រវត្តិសាស្រ្តពីសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំ ការពារកសាងជាតិមាតុភូមិ ក្នុងការធានាឲ្យបាននូវសុខសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍរយៈពេលវែង។ នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាតំបន់ប្រវត្តិសាស្ដ្រកាន់កាប់ចុងក្រោយ នៃចលនារបបខ្មែរក្រហម។
ទេសរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានថ្លែងថា សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន បានស្វែងរកមកយ៉ាងលំបាក និងពលីគ្រប់បែបយ៉ាង បានរកឃើញអ្នកបន្តវេនហើយ គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាឥស្សរជនជាតិដ៏ឆ្នើម និងជាបញ្ញាវ័ន្តខ្មែរ ពោរពេញដោយចំណេះដឹង សមត្ថភាព និងតែងតែគិតគូរពីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ។
ក្នុងនាមប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការគោរពដឹងគុណ កត្តញ្ញូតាធម៌ និងចងចាំជានិច្ចចំពោះស្នាដៃជាប្រវត្តិសាស្រ្ត និងវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ជារដ្ឋបុរស និងបិតាសន្តិភាព ដែលបានសង្រ្គោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបានធ្វើឲ្យទឹកដីកម្ពុជាទាំងមូលបាន ឯកភាពជាតិ ប្រកបដោយសន្តិភាព ស្ថិរភាព។ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវជីវិតថ្មី និងអនាគតថ្មីសម្រាប់ ប្រជាជនកម្ពុជាទូទាំងប្រទេស ជាមួយនឹងការតាំងចិត្តខ្ពស់ និងចក្ខុវិស័យដឹកនាំច្បាស់លាស់។
ឆ្លៀតយកឱកាសនោះ ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋស្រុកអន្លង់វែងទាំងអស់ ដែលបានចូលរួមជាមួយសម្តេចតេជោ ទម្លាក់អាវុធដើម្បីជ្រើសរើសយកការរួបរួមជាតិខ្មែរតែមួយ ក្រោមម្លប់សន្តិភាព ព្រមទាំងបានផ្តល់នូវការគាំទ្រ និងការជឿទុកចិត្តជូនសម្តេចតេជោ តាមរយៈសន្លឹតឆ្នោតកន្លងទៅនេះ។ សន្លឹកឆ្នោតរបស់បងប្អូន ពិតជាមានតម្លៃណាស់ និងបានបង្ហាញពីការតាំងចិត្តខ្ពស់ដើម្បីគាំទ្រសន្តិភាព គាំទ្រសម្តេចតេជោ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
ដោយឡែកពាក់ព័ន្ធនឹងសកម្មភាពមីនដែលជាកេរមរតកសង្រ្គាមនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចក្ខុវិស័យដឹកនាំច្បាស់លាស់ក្នុងការបញ្ចប់វត្តមានគ្រាប់មីននៅកម្ពុជា ព្រមទាំងបានថ្លែងបញ្ជាក់ថា ទោះបីស្ថិតក្នុងតម្លៃណាដោយ ត្រូវតែបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជា ដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត បន្តគាំទ្រយ៉ាងពេញទំហឹងក្នុងការដោះស្រាយបញ្ហាមីន ដើម្បីផ្តល់សុខសុវត្ថិភាពដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។
ក្នុងពិធីបើកយុទ្ធនាការនេះផងដែរ ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ខេត្តឧត្តរមានជ័យ ជាខេត្តមួយដែលមានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមច្រើនលំដាប់ទី៤ ក្នុងចំណោមខេត្តដែលមានជនរងគ្រោះ ច្រើនជាងគេ បន្ទាប់ពីខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប។
ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី បានណែនាំឲ្យប្រតិបត្តិករជាតិ អន្តរជាតិទាំងអស់ ផ្តល់នូវកិច្ចសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បង្កើនការចូលរួមឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការអប់រំ និងផ្សព្វផ្សាយការយល់ដឹង អំពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាសហគមន៍ សិស្សានុសិស្ស និងកុមារា កុមារី ដែលរស់នៅក្បែរតំបន់ដែលមានចម្ការមីន និងតំបន់ដែលមានបន្សល់នូវសំណល់ជាតិផ្ទុះពីសង្គ្រាម។
ពិធីនេះ មានការអញ្ជើញចូលរួមពី លោកស្រី មិន ធារី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្ត(ភីម៉ាក់) តំណាងរបស់លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អាជ្ញាធរស្រុកអន្លង់វែង ក្រុមការងារផែនការសកម្មភាពមីន ប្រតិបត្តិដោះមីនជាតិ-អន្តរជាតិ លោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋ និងសិក្សានុសិស្សជាង ៥០០នាក់៕