(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានថ្លែងប្រាប់ Fresh News នៅមុននេះបន្តិចថា ក្រសួងយុត្តិធម៌ នឹងធ្វើការតាមដាន លើករណីដែលចៅក្រមស៉ើបសួរ សាលាដំបូង​ខេត្ត​មណ្ឌលគិរី ដែលអនុញ្ញាតឲ្យជនត្រូវចោទ២នាក់ នៅក្រៅឃុំជាបន្តទៀត ប្រសិនបើករណីនេះ មានភាពមិនប្រក្រតីមែននោះ។

ពាក់ព័ន្ធការអនុញ្ញាតឲ្យជនត្រូវចោទទាំង២នាក់នៅក្រៅឃុំនេះ លោក គឹម សន្តិភាព បានលើកឡើងថា ករណីនេះចៅក្រមស៉ើបសួរ សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន និងដាក់ឲ្យស្ថិតក្រោម​ការត្រួត​ពិនិត្យ របស់តុលាការ គឺមិនមែនជាការដោះលែង ដោយបិទសំណុំរឿងនោះទេ។ ការសម្រេចមិនឃុំខ្លួន គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម ប៉ុន្តែប្រសិនបើការសម្រេចនេះ មានភាពមិនប្រក្រតីដោយ​ប្រការ​ណាមួយ ឬពាក់ព័ន្ធនឹងលាភសក្ការៈអ្វីមួយនោះ ចៅក្រមត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ជានីតិវិធី បើព្រះរាជអាជ្ញាបានស្នើសុំឃុំខ្លួន ហើយចៅក្រមស៉ើបសួរមិនឃុំខ្លួននោះ ព្រះរាជអាជ្ញាអាចប្តឹងមកសភាស៊ើបសួរបាន តែករណីនេះ តំណាងអយ្យការ​អម​សាលា​ដំបូង ខេត្តមណ្ឌលគីរីបានប្តឹងរួចហើយ ក្រសួងយុត្តិធម៌ នឹងបន្តតាមដានករណីនេះ យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបានការអនុវត្តច្បាប់ត្រឹមត្រូវ។

សូមបញ្ជាក់ថា ជនត្រូវចោទចំនួន២នាក់ ត្រូវបានចៅក្រមស៉ើបសួរ គឺលោក សំអឿន កោសល្យមុនី សំរេចឲ្យនៅក្រៅឃុំបន្ទាប់ពី មន្ត្រីនគរបាលធ្វើការឃាត់ខ្លួន ពាក់ព័ន្ធការចោទប្រកាន់ថា ជនសង្ស័យ​ទាំង២រូបនេះ បានឆបោក និងក្លែងឯកសារសាធារណៈ និងត្រូវបានព្រះរាជអាជ្ញារង សំរេចធ្វើការចោទប្រកាន់ ក្នុងបទល្មើសទាំងពីរខាងលើផងដែរ។
 
ការអនុញ្ញាតឲ្យនៅក្រៅឃុំ ដោយចៅក្រមស៉ើបសួរនេះ ធ្វើឲ្យមានការរិះគន់ពីមន្ត្រីអនុវត្តច្បាប់ គឺនគរបាលយុត្តិធម៌ ដែលជាអ្នកដុតដៃដុតជើង ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន កសាងសំណុំ​រឿង​បញ្ជូនទៅតុលាការ។ មិនតែប៉ុណ្ណោះព្រះរាជអាជ្ញារង ជាអ្នកចោទប្រកាន់ ក៏មិនឯកភាពទៅនឹងការអនុញ្ញាត ឲ្យនៅក្រៅឃុំនេះដូចគ្នា ហើយក៏សំរេចប្ដឹងទៅសាលាឧទ្ទរណ៍ផងដែរ។

ឥឡូវគេកំពុងរង់ចាំតាមដាន ករណីអនុញ្ញាតឲ្យនៅក្រៅឃុំនេះ ថាតើវាជារឿងត្រឹមត្រូវ ឬក៏ជារឿងក្នុងនាមចៅក្រមស៉ើបសួរ អាងទៅលើឆន្ទានុសិទ្ធដោះលែងជាថ្នូរ ទៅនឹងរឿងផលប្រយោជន៍​​ឬយ៉ាងណា?៕