(ឥណ្ឌូនេស៊ី)៖ លោក អ៉ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចុះហត្ថលេខា លើលិខិតបញ្ជាក់សុឆន្ទៈ (Letter of Intent) ជាមួយនឹងលោក Mahyeldi Ansyarullha អភិបាលខេត្តស៊ូម៉ាត្រាខាងលិច ដើម្បីឈានទៅចុះអនុស្សារណៈ នៃការយោបយល់ ស្ដីពីការចងសម្ព័ន្ធមេត្រីភាព រវាងទីក្រុងទាំង២ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នា លើវិស័យដែលមានសក្តានុពលផ្សេងៗ។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅសាលាខេត្តស៊ូម៉ាត្រាខាងលិច ក្រោមវត្តមានលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោក Agung Laksono ទីប្រឹក្សាជាន់ខ្ពស់ប្រធានាធិបតីឥណ្ឌូនេស៊ី អតីតប្រធានរដ្ឋសភាជាតិឥណ្ឌូនេស៊ី និងជាអនុប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា CAPDI និងលោក Yasril Ananta អគ្គលេខាធិការរង នៃ CAPDI អញ្ជើញចូលរួម ជាអធិបតីសាក្សីផងដែរ។

នាឱកាសនោះ លោក អ៉ីមរ៉ន ហាស្សាន់ បានថ្លែងថា ពិធីចុះហត្ថលេខាលិខិតបញ្ជាក់សុឆន្ទៈ នាពេលនេះ គឺមានសារៈសំខាន់សម្រាប់ការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងទាំងពីរ ដែលអាចធ្វើឲ្យយើងអាចធ្វើការរួមគ្នា និងធ្វើឲ្យទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែល្អប្រសើរ ទាំងលើវិស័យអប់រំ សេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ ជាដើម។

លោកសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស៊ូម៉ាត្រាខាងលិច នឹងបន្តការងារជាមួយគ្នា ដើម្បីឲ្យទីក្រុងទាំងពីរឈានទៅដល់ការចុះអនុស្សរណ នៃការយោគយល់រវាងគ្នា នាពេលខាងមុខឆាប់ៗ ហើយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលជានិច្ចកាលបានផ្តល់នូវជំនួយឧបត្ថម្ភគាំទ្រជាសម្ភារៈ និងបច្ចេកទេសដល់ប្រទេសកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ។

លោក Mahyeldi Ansyarullha អភិបាលខេត្តស៊ូម៉ាត្រាខាងលិច បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ច របស់ប្រតិភូឥស្លាមកម្ពុជា ដែលនេះបានបង្ហាញពីការផ្សាភ្ជាប់ទំនាក់ទំនង ឲ្យកាន់តែស្អិតរមួត រវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ហើយលោកក៏បានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបាននូវជ័យជម្នះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលអាណត្តិទី៧ យ៉ាងលើសលុប។

លោកក៏បានរំលេចពីស្ថានភាពភូមិសាស្ត្រ និងប្រជាជន នៃខេត្តស៊ូម៉ាត្រាខាងលិច ដែលខេត្តនេះ មានប្រជាជនរស់នៅសរុបចំនួនប្រមាណជាង៥លាននាក់ ដោយពួកគាត់រស់នៅតាមតំបន់ដីគោក តំបន់ខ្ពង់រាប និងតាមតំបន់ដែនកោះផងដែរ ហើយខេត្តនេះ ក៏ជាតំបន់ដែលមានវប្បធម៌ និងប្រពៃណី យ៉ាងសម្បូរបែប ជាពិសេសទាក់ទងនឹងម្ហូបអាហារ ដែលមានលក្ខណៈ បុរាណ និងវប្បធម៌ផងដែរ។ អភិបាលខេត្តរូបនេះ ក៏បានបញ្ជាក់ដែរថា ខេត្តស៊ូម៉ាត្រាខាងលិច ក៏ជាខេត្តដែលអំណោយផលដល់វិស័យកសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម ដែលនេះនឹងសម្រួលដល់ការធ្វើកិច្ចសហប្រតិបត្តិការ រវាងទីក្រុងភ្នំពេញ និងខេត្តស៊ូម៉ាត្រាខាងលិច ក៏ដូចជាប្រទេសទាំង២។

លោក Agung Laksono ទីប្រឹក្សាជាន់ខ្ពស់ប្រធានាធិបតីឥណ្ឌូនេស៊ី បានបង្ហាញចំណាប់អារម្មណ៍ថា ការរៀបចំឲ្យមានការចុះហត្ថលេខា លើលិខិតបញ្ជាក់សុច្ឆន្ទៈ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស៊ូម៉ាត្រាខាងលិច គឺជាគំនិតផ្តួចផ្តើមដ៏ល្អដែលអាចបង្កើននូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំង២ នៅលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ដែលនឹងនាំមកនូវផលប្រយោជន៍សម្រាប់ ប្រជាជាតិទាំងពីរ។

ចំណែកលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានថ្លែងដែរថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា។ ជាពិសេសសហគមន៍ឥស្លាម ក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនឲ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានរំលេចពីការអភិវឌ្ឍទីក្រុងភ្នំពេញយ៉ាងឆាប់រហ័ស ដោយយោងតាមទិន្នន័យធនាគារពិភពលោក បានឲ្យដឹងថា ទីក្រុងភ្នំពេញ បានអភិវឌ្ឍន៍យ៉ាងលឿនស្ថិតនៅក្នុងលំដាប់លេខ៨ នៅលើពិភពលោក ហើយមិនត្រឹមតែទីក្រុងភ្នំពេញទេ ដែលអភិវឌ្ឍន៍លឿន គឺប្រទេសកម្ពុជាទាំងមូល កំពុងតែអភិវឌ្ឍន៍ឆាប់រហ័សផងដែរ។

សូមជម្រាបជូនថា ក្នុងពិធីចុះហត្ថលេខាខាងលើ ក៏មានការចុះកិច្ចព្រមព្រៀងអនុស្សារណៈ(MoU) នៃការយោបយល់ រវាងអង្គការសមាគម-អង្គការកម្ពុជា និងស៊ូម៉ាត្រាខាងលិច ចំនួន៨ផងដែរ មានដូចជា សមាគមអាម៉ាណៈតាកាហ្វុលកម្ពុជា និងសមាគម NAZHIR WAKAF,សមាគមអាម៉ាណៈតាកាហ្វុលកម្ពុជា និងសមាគម BADAN AMIL ZAKAT NASIONAL, សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា និងសមាគម PIMPINAN WILAYAH PERSAUDARAAN MUSLIMAH, សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា និងសមាគម ASOSIASI MUSLIMAH PENGUSAHA SE-INDONESIA, សមាគមគ្រូបង្រៀនខ្មែរឥស្លាម និងសមាគម MUHAMMADIYAH, សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងសមាគម BADAN KOMUNIKASI PEMUDA REMAJA MASJID INDONESIA, សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងសមាគម PIMPINAN WILAYAH MUHAMMADIYAHSUMATERA BARAT, និងមជ្ឍមណ្ឌលឥស្លាមភ្នំពេញ និង Masjid Raya Sumatra៕