(ប៉ាដាង-ឥណ្ឌូនេស៊ី)៖ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MoU) រវាងសមាគមសម្ព័ន្ធបញ្ញវ័ន្តមុស្លិមកម្ពុជា (CMIU) និងសាកលវិទ្យាល័យ Baiturrahnah ក្រោមវត្តមាន Hj. Maizarnis ប្រធានមូលនិធិ Baiturrahmah នៅក្រុងប៉ាដាំង ខេត្តស៊ូម៉ាត្រាខាងលិច ប្រទេសឥណ្ឌូណេស៊ី។

MoU នេះ ត្រូវបានចុះហត្ថលេខាដោយលោក សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាន CMIU និងលោកសាស្ត្រាចារ្យបណ្ឌិត Musliar Kasim សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Baiturrahmh ដើម្បីពង្រឹងលើកកម្ពស់ និងអភិវឌ្ឍន៍មុខវិជ្ជាសិក្សា ព្រមទាំងផ្សាភ្ជាប់ទំនាក់ទំនង សម្រាប់ការអប់រំ ការស្រាវជ្រាវ សេវាសហគមន៍ ការអភិវឌ្ឍធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរ ដោយផ្អែកលើសមភាព និងផលប្រយោជន៍ទៅវិញទៅមក។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ បណ្ឌិត Musliar Kasim បានសម្ដែងនូវការស្វាគមន៍ ដោយក្ដីរីករាយចំពោះវត្តមានប្រតិភូកម្ពុជាទាំងអស់ និងសង្ឍឹមយ៉ាងមុតមាំថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងសមាគមសហភាពបញ្ញវន្តមុស្លិមកម្ពុជា និងសាកលវិទ្យាល័យប៊ៃតូររ៉ស់ម៉ាស់ នឹងពង្រឹងការអភិវឌ្ឍវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ឲ្យកាន់តែប្រសើរឡើង។

អ្វីដែលពិសេសនោះ ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ បណ្ឌិត Musliar Kasim ក៏បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា បន្តការសិក្សានៅសាកលវិទ្យាល័យ Baiturrahmah ចំនួន១០នាក់ផងដែរ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានសម្ដែងនូវមោទណភាព សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត ពីសំណាក់ភាគី សាកលវិទ្យាល័យ Baiturrahmah។ លោកបានថ្លែងអំណរគុណចំពោះការទទួលស្វគមន៍ប្រតិភូកម្ពុជា និងជាពិសេសចំពោះការផ្ដល់អាហារូបករណ៍សម្រាប់និសិត្សកម្ពុជា ចំនួន១០កន្លែង។

ជាមួយគ្នានោះ លោកបណ្ឌិត បានលើកឡើងពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់លើប្រជាជនទូទៅគ្រប់ជាតិសាសន៍ និងសាសនា ជាពិសេសការគាំពារសាសនិកឥស្លាមនៅកម្ពុជា និងបានដឹកនាំប្រទសកម្ពុជា ដោយសុខសន្តិភាព ធ្វើឲ្យមានការរីកចម្រើនលូតលាស់ លើគ្រប់វិស័យដោយឥតឈប់ឈរ។

គួរជម្រាបថា មូលនិធិ Baiturrahmah ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៥ ដោយលោកហាជ្ជី H. Amran Sutan Sidi Sulaiman ត្រូវជាស្វាមី Hj. Maizarnis ហើយលោកបានទទួលមរណភាព កាលពីឆ្នាំកន្លងទៅក្នុងជន្មាយុ៩២ឆ្នាំ។ សាកលវិទ្យាល័យ Baiturrahmah គឺជាផ្នែកមួយនៃមូលនិធិ Baiturrahmah ដែលបានវិវត្តខ្លួនបន្តិចម្តងៗ ពីសាលាមតេយ្យបឋមសិក្សា អនុវិទ្យាល័យ ថ្នាក់វិទ្យាល័យ រហូតដល់ឆ្នាំ១៩៩៤ សាលា Baiturrahmah ក៏ត្រូវបានបង្កើតឲ្យទៅជា សាកលវិទ្យាល័យ រហូតមកដល់បច្ចុប្បន្ន។

សាកលវិទ្យាល័យនេះ មានកម្មវិធីសិក្សាចំនួន១២ ដែលសិក្សាក្នុងមហាវិទ្យាល័យ មានដូចជា មហាវិទ្យាល័យឱសថសាស្ត្រ មហាវិទ្យាល័យទន្តសាស្ត្រ មហាវិទ្យាល័យសុខភាពសាធារណៈ មហាវិទ្យាល័យសេដ្ឋកិច្ច និងមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបច្ចុប្បន្នមានសិស្ស និស្សិតកំពុងសិក្សា ចំនួនជាង៤ពាន់នាក់ និងមានសាស្ត្រាចារ្យដែលជាបណ្ឌិតចំនួនជាង៣០នាក់៕