(ភ្នំពេញ)៖ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានចេញដីកាកោះទៅលើឈ្មោះ កង វង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាចៅសង្កាត់ចោមចៅ១ មានទីលំនៅផ្ទះ លេខ៣ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ (បន្ទប់ង ជាន់ទី២) នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៣រសៀល ដើម្បីសាកសួរ និងស្តាប់ចម្លើយ។
អំពីដំណើររឿង តាមរបាយការណ៍សំយោគលេខ ១៥២ ២៣\រ ប ក ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បានកសាងសំណុំរឿងដែលមានដើមបណ្តឹងឈ្មោះ វង់ សុធារ៉ា ភេទស្រី អាយុ២៤ឆ្នាំ ប្តឹងឈ្មោះ កង វង ពីបទអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ។
សាម៉ីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើទៅជាមួយផង ប្រសិនបើមាន។ ប៉ុន្តែដល់ថ្ងៃកំណត់ ចុងចម្លើយឈ្មោះ កង វង មិនបានចូលខ្លួនទៅឆ្លើយបំភ្លឺ នៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញទេ នោះបើតាមការបញ្ជាក់ពីតំណាងអយ្យការ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។
តំណាងអយ្យការ បានបន្ថែមថា រឿងចូល មិនចូលជាសិទ្ធិរបស់ជនសង្ស័យ តែនីតិវិធីរបស់ស្ថាប័នអយ្យការ ដីកាកោះលើកទី១ មិនចូលខ្លួន ចេញដីកាកោះលើកទី២ ហើយបើដីកាកោះលើកទី២ មិនចូលខ្លួនទៀតទេ តំណាងអយ្យការ និងចេញដីកាបញ្ជាឲ្យចូលខ្លួន (ដីកាបញ្ជាឲ្យចូលខ្លួនមានអានុភាព ស្មើនឹងនាំខ្លួន)។ ដូច្នោះមានតែរង់ចាំមើល តើចុងចម្លើយពាក់ពន្ធអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ដែលលោក កង វង ចៅសង្កាត់ចោមចៅ១ រងនូវបណ្តឹងរបស់ភរិយានោះតទៅទៀត៕