(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបថា ប្រសិនបើការបោះឆ្នោតនៅអាណត្តិទី៧នេះ ទទួលបានសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្រោម៧៤ភាគរយ ឬទាបជាងសំឡេងឆ្នោតកាលពីឆ្នាំ២០១៨ នោះ សម្តេចនឹងបន្តកាន់តំណែងនាយករដ្ឋមន្ត្រី​ ដើម្បីកែលម្អសភាពការណ៍។

សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា នៅមុនការប្រកាសលទ្ធផលបណ្តោះអាសន្ន សម្តេចបានគិតបំរុងទុកជាមុនហើយថា បើសន្លឹកឆ្នោតទទួលបានក្រោម៧៤% គឺ​សម្តេចនឹងបន្តកាន់ដំណែងជានាយករដ្ឋមន្រ្តី ព្រោះបាន​ន័យថា ប្រជាជនមិនគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនោះទេ ទើបបានជាទាញសន្លឹកឆ្នោតពី៧៤%ទៅ៧៦%ឱ្យធ្លាក់ចុះ​។ ប៉ុន្តែយ៉ាងនេះក្តីលទ្ធផលនៃសន្លឹកឆ្នោត បានបង្ហាញឱ្យឃើញច្បាស់ហើយថា មានការគាំទ្រ ​ទើបលទ្ធផលបានកើនឡើងរហូតដល់៨២%។ ​

សម្តេចបានមានប្រសាសន៍បន្តថា «មុននឹង បើសន្លឹកឆ្នោតទាបជាងសន្លឹកឆ្នោតឆ្នាំ២០១៨ ឬ២០២២ គឺខ្ញុំអត់ទាន់ចាកចេញទេ ខ្ញុំនឹងនៅកែលម្អសភាពការណ៍ ​យ៉ាងហោចណាស់ពាក់កណ្តាលអាណត្តិទី៧តែម្តង ហើយអាណត្តិទី៨ ចាំគិតទៀត ប៉ុន្តែដោយសារកត្តាសន្លឹកឆ្នោត មានការផ្គួបផ្សំច្បាស់ណាស់ ព្រោះបេក្ខជនបន្តវេន ឬបេក្ខជនអនាគតបានប្រកាសចេញស្រេចទៅហើយ បើប្រជាជនមិនសប្បាយចិត្តជាមួយនឹងតួអង្គបន្តវេននោះទេ គឺច្បាស់ជាសំឡេងឆ្នោតនឹងថយចុះ»

សម្តេចបន្តថា ​ព្រមជាមួយនឹងការគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងការរក្សាបាននូវសភាពការណ៍ទូទៅល្អ ទាំងសន្តិសុខ ​និងសន្តិ​ភាព ​គឺជាពេលវេលាដែលសម្តេចគួរតែត្រូវការចាកចេញ​។ ជាមួយគ្នានេះ សម្តេចប្រកាសថា ថ្ងៃនេះគឺជាពេលវេលានៃការដែលសម្តេចថ្លែងក្នុងនាមជានាយករដ្ឋមន្រ្តីរបស់កម្ពុជា។

ប៉ុន្តែតែយ៉ាងណាមិញសម្តេចតេជោ អះអាងថា ប្រសិនបើលោកបណ្ឌិត ហ៊ុន ម៉ាណែត មានគ្រោះថ្នាក់ដល់ជីវីត សម្តេចក៏នឹងវិលមកធ្វើជានាយករដ្ឋមន្រ្តីវិញផងដែរ ដើម្បីធានានូវសេចក្តីសុខរបស់ប្រជាជនកម្ពុជា។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ គណៈកម្មាធិការជាតិរៀបការបោះឆ្នោត នឹងត្រូវប្រកាសលទ្ធផលផ្លូវការ ព្រមជាមួយនឹងការប្រកាសអសនៈ និងបេក្ខជនជាប់ឆ្នោត។ ថ្ងៃទី៧ ខែសីហា ប្រធានគណបក្សដែលមានសំឡេងជាប់ឆ្នោតច្រើន គឺសម្តេចតេជោ ហ៊ុន សែន នឹង​ចុះហត្ថលេខាថ្វាយទៅព្រះមហាក្សត្រស្នើសុំព្រះរាជក្រឹត្យតែងតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៅថ្ងៃទី៧ សីហាតែម្តង។

នៅថ្ងៃទី២២ ខែសីហា កម្ពុជានឹងបង្កើតរាជរដ្ឋាភិបាលថ្មី ប្រសិនបើសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់គណៈរដ្ឋមន្រ្តីថ្មី​៕