(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា លោក អះម៉ាត់ យ៉ះយ៉ា បានសុំទោសលោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសាធារណៈនៅរសៀលថ្ងៃទី២ ខែសីហា ក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញ។
ការប្រកាសសុំទោសរបស់លោក អះម៉ាត់ យ៉ះយ៉ា នាពេលនេះ ធ្វើឡើងស្របពេលដែលតុលាការកាត់ទោសរូបលោក ពីបទបរិហារកេរ្តិ៍ ដែលកន្លងមកលោកបានលើកឡើងថា លោក អូស្មាន ហាស្សាន់ ជាអ្នកគូសប្លង់ឱ្យសាលារាជធានីភ្នំពេញ សង់ផ្លូវកាត់វិហារឥស្លាមនៅបឹងកក់ ក្នុងផលប្រយោជន៍អ្វីមួយ។
យ៉ាងណាក៏ដោយគេពុំទាន់ដឹងថា គោលជំហររបស់ដើមបណ្ដឹង លោក អូស្មាន ហាស្សាន់ គិតយ៉ាងណានៅឡើយទេ ខណៈពេលនេះ លោកកំពុងតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចូលរួម ក្នុងពិធីបើកវេទិការសេដ្ឋកិច្ចឥស្លាមពិភពលោក លើកទី១២ នៅសន្និសីទអន្តរជាតិ ក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី ស្តីពីការប្តេជ្ញាធ្វើសហវិមជ្ឈការសេដ្ឋកិច្ច ប្រទេសតំបន់អាស៊ី និងពិភពលោក ឆ្ពោះទៅកាន់ការប្រកួតប្រជែង នៅពេលអនាគត។
លោក អះម៉ាត់ យ៉ះយ៉ា ថ្លែងក្នុងពេលសវនាការថា លោកសុំទោស បើសិនសម្តីរបស់លោកកន្លងមក ប៉ះពាល់ដល់កិត្តិយស លោក អូស្មាន ហាស្សាន់។ លោកស្នើឲ្យដើមបណ្ដឹងឈប់ប្ដឹងលោកត្រឹមហ្នឹងទៅ ដើម្បីកុំឲ្យខ្មាសគេ ព្រោះលោកជាពូនិងក្មួយនឹងគ្នាផង។
ទោះបីយ៉ាងណាក្រោយការសួរដេញដោល លោកចៅក្រម ឡុង កេសភីរម្យ សម្រេចលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ខាងមុខវិញ៕