(ភ្នំពេញ)៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការរដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីបំភ្លឺមួយ ជុំវិញការចុះផ្សាយព័ត៌មានមិនពិត របស់ហ្វេសប៊ុកឈ្មោះ TNM ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ស្ដីពីការចុះបង្ក្រាបគ្រឿងញៀននៅម្ដុំសាលារៀនឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រុមប្រតិកម្មរហ័សរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖

១៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានព័ត៌មាន និងសំណូមពរពីប្រជាពលរដ្ឋ ស្ដីពីការលក់ចែកចាយគ្រឿងញៀន យ៉ាងអនាធិបតេយ្យនៅម្ដុំសាលារៀនប្ញស្សីកែវ ក្រុមជំនាញ (ក៥) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះទៅស្រាវជ្រាវបង្ក្រាប ពេលចុះទៅពួកជនល្មើសរត់ប្រសេចប្រសាច ឃាត់បានតែយុវជន ២រូប នាំយកមកមន្ទីរដើម្បីសាកសួរ។

ក្រោយពេលសាកសួរឃើញថា យុវជនទាំង២រូបពិតជាបានប្រើប្រាស់គ្រឿងញៀន ជាពិសេសប្រើប្រាស់បារីអេឡិកត្រូនិក។ សមត្ថកិច្ច បានឃាត់ពន្យល់អប់រំ ស្ដីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការប្រើប្រាស់ បារីអេឡិកត្រូនិក ដែលពួកគាត់យល់ច្រឡំថា មិនខុសច្បាប់។ បន្ទាប់មកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញអាណាព្យាបាលមកធានា យកទៅអប់រំ និងយកទៅបន្សាបព្យាបាល តាមសហគមន៍វិញតាមនីតិវិធី។

២៖ ចំពោះរូបភាព និងសំឡេងកាត់តបញ្ចូលក្នុងការផ្សាយនេះ មិនពាក់ព័ន្ធដល់កិច្ចប្រតិបត្តិការរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននោះទេ ដែលជាចេតនាទុច្ចរិតរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ TMN ក្នុងបំណងបំភ័ន្តមតិមហាជន បង្ខូចកិត្តិយសរបស់សមត្ថកិច្ច និងការពារជនល្មើសតែប៉ុណ្ណោះ។

៣៖ ម្ចាស់ហ្វេសប៊ុក ឈ្មោះ TMN គប្បីពិចារណា តាមសីលធម៌ វិជ្ជាជីវៈ និងត្រូវកែតម្រូវឡើងវិញ នូវការផ្សាយរបស់ខ្លួន។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រីករាយ រង់ចាំជួបម្ចាស់ហ្វេសប៊ុក និងថ្លែងអំណរគុណដល់សាធារណជនពីគ្រប់មជ្ឈដ្ឋាន ដែលតែងតែបានចូលរូម កែលំអ និងសហការ ក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ដែលសមស្របនឹងទិសស្លោក «៣កុំ ១រាយការណ៍»៕