(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ បានបន្តថ្លែងអះអាងថា ដោយផ្តើមចេញពីបទពិសោធន៍ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយមិនមានតួនាទីជាប្រធានបក្សនោះ សម្តេចនឹងមិនព្យាយាមជះឥទ្ធិពលទៅលើការងាររបស់រាជរដ្ឋាភិបាលនោះឡើយ ដោយទុកលទ្ធភាពឱ្យនាយករដ្ឋមន្ត្រីថ្មី ចាត់ចែងការងារ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង ដែលមានប្រវែងជាង ៥២គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ជាង ២៧៣លានដុល្លារ។

នាឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំសូមបញ្ជាក់នៅទីនេះថា យើងមិនព្យាយាមក្នុងការជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី របស់រដ្ឋមន្ត្រីនានាតាមស្ថាប័ននោះទេ និយាយជារួមយើងនឹងមិនព្យាយាមជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនោះឡើយ»

សម្តេចតេជោ ហ៊ុន សែន បានប​ន្ថែមទៀតថា រឿងនេះវាជាបទពិសោធន៍ដែលមានសម្រាប់សម្តេច ហើយសម្តេចនឹងយកបទពិសោធន៍នេះឱ្យទៅនាយករដ្ឋមន្ត្រីក្រោយ ឱ្យរដ្ឋមន្ត្រីក្រោយគេធ្វើការងាររបស់គេចុះ។ សម្តេចបានបញ្ជាក់ដែរថា នៅពេលដែលសម្តេចបានធ្វើជានាយករដ្ឋមន្ត្រី សម្តេចមិនមានតួនាទីជាប្រធានគណបក្ស មិនមែនជាអគ្គលេខាបក្សនោះទេ ហើយពេលនោះសម្តេចជាសមាជិកការិយាល័យនយោបាយ។

ទាក់ទងនឹងពេលដែលសម្តេចធ្វើជាសមាជិកការិយាល័យនយោបាយនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា «នៅពេលទៅចរចារ ខ្ញុំបានប្រាប់ទៅការិយាល័យនយោបាយ បើឱ្យខ្ញុំទៅចរចារត្រូវតែផ្តល់អំណាចឱ្យខ្ញុំ មិនអាចមួយម៉ាត់មកសួរទីក្រុងភ្នំពេញ មួយម៉ាត់មកសួរទីក្រុងភ្នំពេញនោះទេ ត្រូវឱ្យអំណាចទៅខ្ញុំ ហើយបើឱ្យខ្ញុំធ្វើនាយករដ្ឋមន្ត្រី កុំមកលូកលាន់កិច្ចការចំណាយស្អីៗនោះទេ មិនឱ្យលូកលាន់នោះទេ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ដោយមានបទពិសោធន៍ធ្លាប់ធ្វើជាយករដ្ឋមន្ត្រី ដោយមិនមែនជាប្រធានគណបក្ស សម្តេចនឹងធ្វើឱ្យអ្នកបន្តវេនពីសម្តេច ទទួលបាននូវភាពឯករាជ្យក្នុងការធ្វើការសម្រេច ហើយការសម្រេចនោះគឺមិនឱ្យខុសពីគោលនយោបាយរបស់គណបក្ស ដែលបានដាក់ការសន្យាចំពោះម្ចាស់ឆ្នោតដែលបានបោះឆ្នោតឱ្យនោះទេ ដោយត្រូវតែយកទៅច្នៃប្រឌិតឱ្យមានការអភិវឌ្ឍកាន់តែជឿនលឿន៕