(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានបង្ហើបថា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងក្លាយទៅជាឧបនាយករដ្ឋមន្ដ្រី នៅពេលឆាប់ៗខាងមុខ ពោលនៅពេលនាយករដ្ឋមន្ដ្រីថ្មីចូលកាន់តំណែង។
ក្នុងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣, សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា នៅពេលនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក្លាយទៅជាឧបនាយករដ្ឋមន្ដ្រី នោះមុខតំណែងអគ្គស្នងការនគរបាលជាតិ នឹងធ្វើ់ការផ្លាស់ប្ដូរ ដោយមានអ្នកថ្មីមកជំនួសជាអគ្គស្នងការនគរបាលជាតិ។ ប៉ុន្ដែសម្ដេចមិនទាន់បង្ហើបនោះទេថា នរណា នឹងកាន់តំណែងជាអគ្គស្នងការនគរបាលជាតិនោះ។
ដោយឡែក សម្រាប់រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏នឹងធ្វើការផ្លាស់ប្ដូរដូចគ្នា នៅពេលលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ដ្រីនាពេលបច្ចុប្បន្ន ចូលកាន់តំណែងជាឧបនាយករដ្ឋមន្ដ្រី។ នេះបើតាមការគូសបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អគ្គស្នងការនគរបាលជាតិ អាចនឹងមានការផ្លាស់ប្ដូរទៅកាន់តំណែង ឧបនាយករដ្ឋមន្ដ្រី ដែលនឹងជួយនាយករដ្ឋមន្ដ្រីលើកិច្ចការជាច្រើនដែលនាយករដ្ឋមន្ដ្រីប្រគល់ឲ្យនៅពេលនោះ [...] រដ្ឋមន្ដ្រីក្រសួងសាធារណការ ក៏នឹងក្លាយទៅជាឧបនាយករដ្ឋមន្ដ្រីមួយរូប ក្នុងចំណោមឧបនាយករដ្ឋមន្ដ្រីផ្សេងទៀតដែរ ហើយនឹងរដ្ឋមន្ដ្រីក្រសួងសាធារណការថ្មី»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ក្នុងអាណត្តិទី៧ នៃរដ្ឋសភា នឹងមានការផ្លាស់ប្ដូររដ្ឋមន្ដ្រីក្រសួងជាច្រើន ខណៈអ្នកចាស់នឹងត្រូវលាលែង ហើយទៅកាន់មុខតំណែងថ្មីជាដើម៕