(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការសម្រេចចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ ដើម្បីឱ្យអ្នកជំនាន់ក្រោយឡើងមកដឹកនាំ គឺដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។

ការលើកឡើងនេះ បានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ ដោយសម្តេចបានបញ្ជាក់ថា៖ «នេះគឺជាការលះបង់ ដើម្បីភាពសុខសាន្តរយៈពេលវែង គឺធានានូវសន្តិភាព និងធានាដល់ការអភិវឌ្ឍ»

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចធ្លាប់បានលះបង់យកជីវិតធ្វើដើម្បីទុនដើម្បីរំដោះប្រទេស ធ្លាប់បានយកជីវិតធ្វើដើមទុនដើម្បីបង្រួបបង្រួមជាតិ ដែលមិនចេះចប់មិនចេះហើយ ព្រមទាំងយកជីវិតនយោបាយរបស់សម្តេច ធ្វើជាដើមទុន នៃកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជាជាដើម។

«ខ្ញុំបានលះបង់ហើយ ឥឡូវខ្ញុំចង់លះបង់សារជាថ្មីម្តងទៀត ដើម្បីសេចក្តីសុខរយៈពេលវែងរបស់ប្រជាជន យ៉ាងហោចមានមូលហេតុ៤យ៉ាង ដែលខ្ញុំគួរតែជម្រាបជូនចំពោះប្រជាពលរដ្ឋ»។ នេះជាការបញ្ជាក់បន្ថែមរបស់ សម្តេចតេជោ។

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីមានការផ្សព្វផ្សាយនូវលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះក្នុងការបោះឆ្នោត រហូតដល់ជាង៦.៣លានសំឡេង, សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនបន្តកាន់តំណែងនាយករដ្ឋមន្ត្រី សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧នោះទេ ដោយផ្ទេរទៅឱ្យ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនមួយទៀត ដែលសម្រេចដោយគណបក្សប្រជាជនកម្ពុជា។

សម្តេចបានលើកឡើងថា ការផ្ទេរឱ្យយុវជនពេលនេះ មានស្ថិរភាពជាងពេលដែលសម្តេច ក៏ដូចជាមានមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា កាន់តំណែងរហូតដល់ចាស់ស្លាប់។ សម្តេចបានចោទសួរថា តើមាននាយករដ្ឋមន្ត្រីប៉ុន្មាននាក់ ដែលធ្លាប់បានលះបង់អំណាចដូចសម្តេច ក្នុងពេលដែលខ្លួនមានលទ្ធភាព ធ្វើនាយករដ្ឋមន្ត្រីបាន ៥ ទៅ១០ឆ្នាំទៀត ប៉ុន្តែមិនមែនវាជារឿងល្អទេ នៅពេលដែលកាន់តំណែងរហូតដល់ចាស់ស្លាប់។

កាលពីឆ្នាំ២០១៥ មានការចោទជាសំណួរដោយ លោក ស៊ិនស៊ូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុនថា «ក្រោយហ៊ុនសែន ជានរណា?» ដែលសំណួរនេះ ធ្វើឱ្យសម្តេចមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សម្តេចបានរំលឹកថា បញ្ហាមិនតូចទេ ក្រោយហ៊ុនសែន ជានរណា? វាជាបញ្ហាដ៏ធំ។ សម្តេចបានដាក់ចេញជាសំណួរថា ប្រសិនបើស្លាប់ថ្ងៃនេះ ឬថ្ងៃស្អែក តើនឹងមានរឿងអ្វីកើតឡើង បើយើងមិនបានត្រៀមរៀបចំអ្នកបន្តវេន។ សម្តេចគោរពយ៉ាងជ្រាលជ្រៅចំពោះព្រះរាជតម្រិះ ព្រះមហាវីរក្សត្រ ដែលព្រះអង្គបានដាក់រាជ្យពេលនោះ ហើយរៀបចំឱ្យព្រះរាជបុត្ររបស់ព្រះអង្គបច្ចុប្បន្ន គ្រងរាជ្យ គឺ៨ឆ្នាំមុនពេលព្រះអង្គសោទិវង្គត។ នេះជាព្រះរាជតម្រិះដ៏អស្ចារ្យរបស់ព្រះវររាជបិតាជាតិយើង។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ទាក់ទងនឹងការរៀបចំការដឹកនាំនេះ មានសេនារីយ៉ូពីរ ធ្លាប់បានលើកឡើង ក្នុងនោះទីមួយ មានការគិតគូរថា ក្រុមអាចចាស់បន្តដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី ១ឆ្នាំ ឬ២ឆ្នាំទៀត ហើយបានចាកចេញរួចប្រគល់ជូនអ្នកជំនាន់ក្រោយ ហើយសេនារីយ៉ូទី២ គឺឱ្យអ្នកបន្តវេនចាប់ផ្តើមពីដើមអាណត្តិតែម្តង។

សម្តេចបានបញ្ជាក់ថា «យោងទៅលើលក្ខខណ្ឌ និងលក្ខណៈសម្បត្តិ ក៏ដូចជាសភាពការណ៍អំណោយផល គណៈអចិន្រ្តៃយ៍គណបក្សបានសម្រេចជ្រើសរើស សេនារីយ៉ូទី២ គឺឱ្យរដ្ឋាភិបាលថ្មីនេះ ចេញដំណើរពីដើមទីតែម្តង ដោយមិនចាំបាច់មានអន្តរកាលមួយដោយអ្នកចាស់ទេ ធ្វើយ៉ាងនេះដើម្បីយើងផ្តល់អំណាចពេញលេញឱ្យអ្នកបន្តវេន គេមានលទ្ធភាពធ្វើកិច្ចការរបស់គេពេញមួយអាណត្តិតែម្តង»

សម្តេចតេជោ បានបន្ថែមទៀតថា នេះជាការធានាធំបំផុត នៅពេលដែលនាយករដ្ឋមន្ត្រីចាស់ ធ្វើការមិនកើត ឬមានគ្រោះថ្នាក់ ឬរហូតដល់ស្លាប់ នោះគឺធានាថាមិនមានរឿងអ្វីកើតឡើងទេ។ សម្តេចបញ្ជាក់ថា «អ្នកជំនាន់ក្រោយ ដែលចូលមកដឹកនាំ គឺពួកគេបានរៀបចំខ្លួនយ៉ាងល្អ ពួកគេមកទទួលអំរែកពីពួកយើង សម្រាប់ដំណើរការរយៈពេលវែងរបស់ពួកគេ»

សម្តេចបានបន្ថែមទៀតថា «ហើយពួកគេមិនមែនជាក្មេងទៀតទេ បើប្រៀបធៀបជាមួយខ្ញុំ គឺខ្ញុំកាន់អំណាចនៅពេលចូលធ្វើនាយករដ្ឋមន្ត្រី គឺមានអាយុត្រឹម៣២ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែពេលនេះនាយករដ្ឋមន្ត្រីថ្មី មានអាយុដល់ទៅ៤៦ឆ្នាំ គឺមានអាយុលើសខ្ញុំ១៤ឆ្នាំ ហើយក្រុមនេះបានហ្វឹកហាត់ល្មមគ្រប់គ្រាន់ហើយ ដែលមួយចំនួនទៀត បានដាក់បញ្ចូលទៅក្នុងរដ្ឋាភិបាលយូរហើយ»

លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ លោកជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា។ លោកបណ្ឌិត គឺជាជនជាតិកម្ពុជាដំបូងគេ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធា West Point ដែលជាសាលាយោធាដ៏ល្បីរបស់ សហរដ្ឋអាមេរិក។ លោកក៏បញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងសិក្សាបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសផងដែរ៕