(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា បានចូលរួមជាសមាជិករបស់សមាគមកាយឫទ្ធិនារីពិភពលោក ជាង៧០ឆ្នាំមកហើយ ប៉ុន្តែ ក្រោមដំបូលសន្តិភាព ទើបបានផ្តល់ឱកាសឱ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់អាចទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦ ខាងមុខនេះ។

ការលើកឡើងបែបនេះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ​បានធ្វើឡើងនៅព្រលប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសផ្តល់សម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ ក្រោយទទួលជោគជ័យយ៉ាងត្រចេះត្រចង់ នូវការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ (WAGGGS 39th) នៅឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពេលដែលប្រទេសរបស់យើងទទួលធ្វើជាម្ចាស់ផ្ទះ នៅពេលយើងលើទងជ័យប្រទេសនីយមួយៗទទួលស្គាល់អំពីកិត្តិនាមរបស់ប្រទេសកម្ពុជា យើងគឺហ៊ោកញ្ចៀវមែនទែន ដែលកាលពីមុនមានអ្នកមកពីប្រទេសមួយចំនួនសួរខ្ញុំថាតើ Cambodia ស្ថិតនៅទីតាំងកន្លែងណា […] អ៊ឹចឹងនៅពេលដែលបានជាប់ គឺពួកគាត់បានដឹងពីប្រទេសកម្ពុជា កិត្តិនាមរបស់ប្រទេសកម្ពុជាយើង»

ចំណុចមួយទៀតតាមរយៈការឈ្នះឆ្នោតដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោកនេះ, ត្រូវបានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ​បានគូសបញ្ជាក់ថា វានឹងបង្ហាញឱ្យពិភពលោកដឹងថា ប្រទេសកម្ពុជា ទោះជាប្រទេសតូច ប៉ុន្តែ យើងមានធនធានមនុស្សមានសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍កម្រិតពិភលោកនេះ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «សម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា គឺបានចូលរួមជាមួយសមាគមកាយឫទ្ធិនារីពិភពលោក ជាង៧០ឆ្នាំមកហើយ ប៉ុន្តែ នេះជាលើកដំបូងបំផុតដែលបានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះសន្និបាតថ្នាក់ពិភពលោក នៅប្រទេសកម្ពុជាយើងនេះ»

គួរជម្រាបថា សមាគមកាយឫទ្ធិនារីកម្ពុជា ដែលដឹកនាំលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅចូលរួមអង្គសន្និបាតលើកទី៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក (38th WAGGGS Conference) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និងសកម្ម ដើម្បីស្នើបេក្ខភាពកម្ពុជាឱ្យបានចូលរួមបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦។

កម្ពុជាត្រូវបានជាប់ក្នុងចំណោម៣ ប្រទេសចុងក្រោយរួមមាន៖ កម្ពុជា, ហ្គាណា និងទុយនេស៊ី ក្រោយពីគណៈកម្មាធិការបានវាយតម្លៃយ៉ាងល្អិតល្អន់ សម្រាប់ឈានទៅបោះឆ្នោតវគ្គបន្ត។ បន្ទាប់មកកម្ពុជាយើងក៏បានបន្តជាប់ក្នុងចំណោម២ ប្រទេសចុងក្រោយ គឺកម្ពុជា និងហ្គាណា ដើម្បីឈានទៅបោះឆ្នោតសម្រេចផ្ដាច់ព្រ័ត្រ ហើយនៅទីបំផុត និងជាលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរាជាណាចក្រកម្ពុជាយើងត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។ សូមបញ្ជាក់ថា សមាគមកាយប្ញទ្ធិនារីពិភពលោក មានសមាជិកមកពី១៦៩ ប្រទេស មកពីគ្រប់ទ្វីបលើពិភពលោក»៕