(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នប្រទេសចិន គឺជាដៃគូអភិវឌ្ឍន៍ ដែលបានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការ ច្រើនជាងគេដល់កម្ពុជា ហើយហិរញ្ញប្បទានពីប្រទេសចិន បានឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែង របស់រាជរដ្ឋាភិបាលកម្ពុជា។
ការថ្លែងបែបនេះ របស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលលោក បានជួបពិភាក្សាការងារជមួយ លោក Gao Hucheng រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច បានដកស្រង់សំដីរបស់លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដោយគូសបញ្ជាក់ថា «ទាំងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ពីសាធារណរដ្ឋប្រជាមានិតចិន បានរួមចំណែកយ៉ាងធំធេងដល់ការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា មានជាអាទិ៍ ផ្លូវ ស្ពាន កំពង់ផែ ប្រព័ន្ធធារាសាស្រ្ត អគ្គិសនី និងទូរគមនាគមន៍ ជាដើម។ លើសពីនេះ ហិរញ្ញប្បទានពីប្រទេសចិនបានរួមវិភាគទានផងដែរ ដល់ការអភិវឌ្ឍន៍វិស័យសង្គមកិច្ចនៅកម្ពុជា ដូចជា សាកលវិទ្យាល័យ ពហុកីឡដ្ឋានជាតិ មន្ទីរពេទ្យ រថយន្តគិលានសង្គ្រោះ ម៉ាស៊ីនអេកូ និងការអភិវឌ្ឍនធនធានមនុស្សជាដើម»។
លោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងទៀតថា វិនិយោគឯកជនពីប្រទេសចិន និងភ្ញៀវទេសចរចិន ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
នាឱកាសនោះ លោក Gao Hucheng បានវាយតម្លៃខ្ពស់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្រេចបាននូវស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយការរីកចម្រើន យ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ រដ្ឋាភិបាលចិន ផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក Gao Hucheng បានបញ្ជាក់ថា ការផ្សារភ្ជាប់រវាងគំនិតផ្តួចផ្តើមគំនិត ស្តីពី «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាមួយនឹង «យុទ្ធសាស្រ្តចតុកោណ» របស់រាជារដ្ឋាភិបាលកម្ពុជា នឹងរួមចំណែកលើកកម្ពស់កម្រិត នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជា-ចិន ឲ្យកាន់តែប្រសើរឡើងថែមទៀត៕