(ភ្នំពេញ)៖ នាយទាហានសេនាធិការជាន់ខ្ពស់កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំលើកទី៧ របស់ខ្លួន ដើម្បីពិភាក្សាលើកិច្ចការសំខាន់ៗមួយចំនួន។
កិច្ចប្រជុំលើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធធលខេមរភូមិន្ទ ខណៈភាគីថៃដឹកនាំដោយ នាយឧត្តមសេនីយ៍ Thitichai Tiantong នាយសេនាធិការចម្រុះរបស់កងទ័ពភូមិន្ទថៃ។ កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងសណ្ឋាគារ សាន់ អែនមួន រាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា កិច្ចប្រជុំនាយទាហានសេនាធិការជាន់ខ្ពស់កម្ពុជា-ថៃ លើកទី៧ នាពេលនេះ បានផ្តោតទៅលើខ្លឹមសារមួយចំនួនដូចជា៖ កិច្ចសហប្រតិបត្តិការការអប់រំ និងហ្វឹកហ្វឺន ការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការចារកិច្ច កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិគម្រោងហ្វឹកហ្វឺនកសិកម្ម កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព (ជើងគោក ជើងទឹក ជើងអាកាស) និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ជាខ្លឹមសារដ៏មានសារៈសំខាន់សម្រាប់កងទ័ពទាំងពីរលើកមកពិភាក្សា និងបន្ថែមនូវគំនិតល្អៗ ដើម្បីឱ្យកងទ័ពទាំងពីរយកមកអនុវត្តនៅពេលខាងមុខ រាល់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសុទ្ធសឹងជាការពង្រឹងនិងពង្រីកការទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងនឹងគ្នា និងរួមចំណែកការពារសុខសន្តិភាពដល់ប្រទេសទាំងពីរ និងតំបន់ផងដែរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មានជំនឿយ៉ាងមុតមាំថា កិច្ចប្រជុំនាយទាហានសេនាធិការជាន់ខ្ពស់ កម្ពុជា-ថៃ លើកទី៧ នៅថ្ងៃនេះ នឹងទទួលបាននូវផ្លែផ្កា និងលទ្ធផលយ៉ាងល្អប្រសើរ៕