(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះនៃរាជរដ្ឋាភិបាលអាណត្តិទី៦ បានបញ្ជាក់ថា ទោះបីនាយកដ្ឋមន្ត្រីថ្មីសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧​ គឺជាលោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏ដោយ ប៉ុន្តែអ្នកនយោបាយចាស់នៅតែមិនទាន់ចាកចេញពីឆាកនយោបាយនៅឡើយទេ តួយ៉ាងសម្ដេចតេជោផ្ទាល់គឺនៅតែជាប្រធានគណបក្សប្រជាជនកម្ពុជាដដែល ដែលជាគណបក្សកាន់អំណាច។

ការបញ្ជាក់បែបនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ សម្ដេចតេជោបានបញ្ជាក់ថា ទោះបីលោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយកដ្ឋមន្ត្រីថ្មីសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា​ក៏ដោយ ប៉ុន្តែអ្នកនយោបាយចាស់នៅតែមិនទាន់ចាកចេញពីឆាកនយោបាយនៅឡើយនោះទេ តួយ៉ាងសម្ដេចតេជោផ្ទាល់គឺនៅតែជាប្រធានគណបក្សប្រជាជនកម្ពុជាដដែល។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ជំនាន់ចាស់មិនទាន់ចាកចេញពីឆាកនយោបាយទេ ខ្ញុំនៅតែជាប្រធានគណបក្សកាន់អំណាច អមដោយអនុប្រធាន៤រូប ជាមួយសមាជិកការិយាល័យនយោបាយជាច្រើនរូបទៀត ដែលមួយចំនួននៅក្នុងរដ្ឋសភា និងមួយចំនួននៅក្នុងព្រឹទ្ធសភា»

សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ក្នុងនាមប្រធានគណបក្សឈ្នះឆ្នោត សម្ដេចមិនព្យាយាមជះឥទ្ធិពលក្នុងការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីតាមក្រសួង ស្ថាប័ន ឬក៏ការសម្រេចចិត្តិរបស់រាជរដ្ឋាភិបាលទាំងមូលនោះឡើយ នេះក៏ដើម្បីឱ្យនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជំនាន់ក្រោយអាចធ្វើការងារដោយទទួលបានឯករាជ្យក្នុងការធ្វើសេចក្ដីសម្រេច តែការសម្រេចយ៉ាងណាក៏ដោយកុំឱ្យខុសពីគោលនយោបាយគណបក្សដែលបានសន្យាចំពោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត គឺត្រូវយកគោលនយោបាយទាំងនោះទៅច្នៃក្នុងការដឹកនាំឱ្យមានភាពជឿនលឿន។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ មន្ត្រីរាជការដែលបានផ្ដល់ឱកាសឱ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្លាយទៅជានាយករដ្ឋមន្ត្រីនាពេលខាងមុខ៕