(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញថា កការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មី មានសេនារីយោចំនួនពីរ ដែលសេនារីយោទី១៖ គឺឱ្យអ្នកចាស់ដឹកនាំមួយឆ្នាំ ទៅពីរឆ្នាំសិន និងសេនារីយោទី២៖ គឺឱ្យអ្នកថ្មីដឹកនាំចាប់ពីដើមអាណត្តិតែម្តង ហើយចុងក្រោយ គឺសម្រេចយកសេនារីយោទី២។ ខណៈអ្នកបន្តវេនបានរៀបចំខ្លួនបានយ៉ាងល្អ សម្រាប់ទទួលអម្រែកបន្តពីអ្នកចាស់។
ការថ្លែងបបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដាក់ចុះតំណែងក្នុងពេលមានជីវិត គឺជាការប្រសើរជាងការផ្ទេរតំណែងពេលអស់ជីវិត។ ការរៀបចំផ្ទេរតំណែងរបស់សម្តេចនាពេលនេះ គឺយកតាមព្រះរាជគំរូរបស់ព្រះបរមរតនកោដ្ឋ។ សម្រាប់ការប្រគល់តួនាទីឱ្យក្រុមយុវជននៅពេលនេះ ជាពេលវេលាដ៏ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍន៍។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «មុននេះមានសេនារីយោចំនួនពីរ ដែលដាក់ចេញ សេនារីយោទី១៖ ពួកក្រុមចាស់បន្តដឹកនាំរដ្ឋាភិបាល ១ឆ្នាំ ឬ២ឆ្នាំ រួចហើយបានចាកចេញ និងបន្ទាប់ទៅប្រគល់ទៅឱ្យអ្នកជំនាន់ក្រោយ នេះជាសេនារីយោទី១។ សេនារីយោទី២ គឺសេនារីយោ ឱ្យចាប់ផ្តើមពីដើមអាណត្តិ យោងទៅលើលក្ខខណ្ឌ និងលក្ខណៈសម្បត្តិ ក៏ដូចជាសភាពការណ៍អំណោយផល គណៈអចិន្ត្រៃយ៍បានសម្រេចជ្រើសរើសយកសេនារីយោទី២ គឺឱ្យរដ្ឋាភិបាលថ្មីនេះ ចេញដំណើរពីដើមទីតែម្តង ដោយមិនចាំបាច់ឱ្យមានអន្តរកាលមួយឱ្យអ្នកចាស់ទេ»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចបែបនេះដើម្បីផ្តល់អំណាចពេញលេញទៅឱ្យអ្នកបន្តវេន មានលទ្ធភាពធ្វើកិច្ចការរបស់ពួកគេពេញមួយអាណត្តិតែម្តង។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការធ្វើបែបនេះជាការធានាដ៏ធំបំផុតដែលនឹងគ្មានវិបត្តិណាមួយកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីចាស់ ធ្វើការមិនកើត មានគ្រោះថ្នាក់ ឬរហូតដល់ស្លាប់ គឺវានឹងគ្មានអ្វីកើតនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ជំនាន់ក្រោយបានចូលមកដឹកនាំ ក្នុងពេលដែលពួកគេបានរៀបចំខ្លួនបានយ៉ាងល្អ ពួកគេមកទទួលអំរែកពីពួកយើងដែលជាមនុស្ស ចាស់សម្រាប់ដំណើរការរយៈពេលវែងរបស់ពួកគេ ហើយពួកគេមិនមែនជាក្មេងទៀតទេ បើប្រៀបធៀបជាមួយខ្ញុំ ខ្ញុំចូលកាន់អំណាចនៅពេលដែលខ្ញុំចូលធ្វើជានាយករដ្ឋមន្ត្រី គឺខ្ញុំមានអាយុត្រឹមតែ៣២ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែ អីឡូវនេះនាយករដ្ឋមន្ត្រីថ្មី មានអាយុ៤៦ឆ្នាំ»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីដឹកនាំក្រសួង ស្ថាប័ន ដែលជាក្រុមវ័យក្មេង គឺទទួលបានការបណ្តុះបណ្តាលជាច្រើនមកហើយ ដូចជាឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីក្មេងៗមួយចំនួនទៀត បានអមធ្វើជារដ្ឋលេខាធិការរួចទៅហើយ ដែលសបញ្ជាក់ថាយុវជនបន្តវេនទាំងនេះគឺមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ក្លាយជាអ្នកបន្តវេនដឹកនាំរាជរដ្ឋាភិបាលថ្មី៕