(ភ្នំពេញ)៖ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា ប្រទេសចិនសូមចូលរួមអបអរសាទរចំពោះជោគជ័យរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កន្លងទៅនេះ ហើយជឿជាក់ថា រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត កម្ពុជានឹងសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ នាថ្ងៃអនាគត។

លោកអគ្គរដ្ឋទូតចិន បានលើកឡើងបែបនេះ នៅគ្រាដែលលោក ចូលរួមសម្ពោធដាក់ឱ្យ ប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក វ៉ាង វិនធាន បានលើកឡើងដូច្នេះថា៖ «ការបោះឆ្នោតជាសកលលើកនេះ មានភាពយុត្តិធម៌ និងមិនលំអៀង ហើយប្រជាជនកម្ពុជាបានប្រើប្រាស់សិទ្ធិបោះឆ្នោតដោយសេរី ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ប្រទេសចិនសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ប្រកបដោយជោគជ័យ និងអបអរសាទរជូន គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះយ៉ាងលើសលុប»

លោកជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្នូល និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី កម្ពុជានឹងសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ នាថ្ងៃអនាគត ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា នឹងឆ្ពោះទៅរកសេចក្តីសុខ សេចក្តីចម្រើន និងកាន់តែមានភាពជឿជាក់។

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេរហូតដល់ ៦ ៣៩៨ ៣១១ នាក់ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ឈរនៅលំដាប់ទី២ ដែលមានសំឡេងគាំទ្រ ៧១៦ ៤៩០នាក់។ បន្តពីនោះ គឺគណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងគាំទ្រជាង ១៣ម៉ឺនសំឡេង គណបក្សយុវជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង ៩ម៉ឺន ហើយគណបក្សធម្មាធិបតេយ្យទទួលបានសំឡេងគាំទ្រជាង ៨ម៉ឺនសំឡេង ហើយគណបក្សកសិករទទួលបានសំឡេងតិចជាងគេ គឺត្រឹមតែជាង ១ម៉ឺនសំឡេង៕