(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឡើងវិញថា កម្ពុជាត្រូវការពារទំនាក់ទំនងរវាងអាស៊ាន និងប្រទេសចិន ដោយសារតែចិន បានផ្តល់ផលប្រយោជន៍យ៉ាងធំដល់អាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវកំណាត់ផ្លូវជាតិលេខ៤៤ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ ដែលជាផ្លូវនេះ ត្រូវបានផ្តល់ឥណទានកសាងដោយរដ្ឋាភិបាលចិន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ទំហំពាណិជ្ជកម្មធំណាស់ រវាងអាស៊ាន និងចិន ក្នុងនោះផលិតផលច្រើនណាស់ដែលអាស៊ាននាំចេញទៅកាន់ ប្រទេសចិន ចំណែកប្រទេសចិននាំចេញមកកាន់បណ្តាប្រទេសអាស៊ានទាំង១០ មានទំហំតូចជាងទំហំដែលអាស៊ាននាំចូលទៅកាន់ប្រទេសចិន ដូច្នេះភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន-ចិន គឺមានផលប្រយោជន៍សម្រាប់អាស៊ានទាំង១០»។
ប្រទេសមហាអំណាចសេដ្ឋកិច្ចចិន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់អាស៊ាន ដោយមានទំហំពាណិជ្ជកម្ម កើនឡើងជាបន្តបន្ទាប់រាល់ឆ្នាំ។ ការដោះដូរពាណិជ្ជកម្ម រវាងចិន-អាស៊ាន បានកើនឡើងរហូតដល់ជាង ៤៧២ពាន់លានដុល្លារសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៥។ នេះបើតាមរបាយការណ៍របស់ គេហទំព័រចិន ស៊ិនហួរ។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីសប្តាហ៍មុន កម្ពុជាបានខិតខំយ៉ាងខ្លាំងនៅក្នុងការការពារ ទំនាក់ទំនងចិន-អាស៊ាន។ កម្ពុជាបានបញ្ចុះបញ្ចូលប្រទេសជាសមាជិកអាស៊ានទាំងអស់ ឱ្យយល់អំពីការខូចខាតនៃទំនាក់ទំនងចិន-អាស៊ាន ដែលអាចបណ្តាលមកពីបញ្ហាសមុទ្រចិនខាងត្បូង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា «នៅក្នុងក្របខណ្ឌអាស៊ាន ទំនាក់ទំនងរវាងអាស៊ាន-ចិន គឺផ្តល់ផលប្រយោជន៍ដល់អាស៊ានខ្លាំងណាស់ ដូច្នេះកម្ពុជាមានតែសម្របសម្រួលយ៉ាងណា ធានាឱ្យមានសុខដុមនីយកម្ម ក្នុងទំនាក់ទំនងអាស៊ាន-ចិន»។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ប្រទេសចិនថា មិនចេះលូកលាន់ដល់កិច្ចការផ្ទៃក្នុងប្រទេសដទៃ។ សម្តេចថា ចិនជាប្រទេសមួយដែលតែង គោរពឯករាជ្យអធិបតេយ្យភាពប្រទេសដទៃទៀត ក្នុងនោះក៏យកចិត្តទុកដាក់ក្នុងការជួយប្រទេសកំពុងអភិវឌ្ឍ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖