(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជាឱ្យអាជ្ញាធរខេត្តកំពត ធ្វើការជួសជុលស្ពានចាស់នៅក្នុងក្រុងកំពតឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរ និងជិះកង់-ម៉ូតូឆ្លងកាត់ បញ្ជៀសការកកស្ទះចរាចរ។

ការបញ្ជារឱ្យជួសជុលស្ពានចាស់ទ្រុឌទ្រោមនៅក្នុងក្រុងកំពតនេះ បានធ្វើឡើងបន្ទាប់ពី ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅខេត្តកំពត នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ បន្ទាប់ពីចូលរួមសម្ពោធផ្លូវជាតិលេខ៤៤ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកមិញ។

សម្តេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា មានសិស្សានុសិស្ស និងពលរដ្ឋមួយចំនួន បានធ្វើដំណើរលើស្ពានចាស់នេះនៅឡើយ ទោះបីជាអាជ្ញាធរបានបិទមិនឱ្យឆ្លងកាត់ ដោយសារតែស្ពានទ្រុឌទ្រោមក៏ដោយ៕