(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង។
ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត ៥៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីរង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ដែលមានចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ (គីឡូម៉ែត្រលេខ១៤+១០៥) ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូតដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
គម្រោងនេះបានរួមបញ្ចូលនូវការសាងសង់ស្ពានវែងឆ្លងកាត់ទន្លេបាសាក់ចំនួន២កន្លែង ប្រវែងសរុប ៩៩៦ម៉ែត្រ ដែលក្នុងនោះ ស្ពានខាងកើតមានប្រវែង ៦៣០ម៉ែត្រ និងស្ពានខាងលិច មានប្រវែង ៣៦៦ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្រ្តកោះអន្លង់ចិន និងត្រូវបានប្រសិទ្ធនាមថាជា «ស្ពានមិត្តភាពកម្ពុជា-ចិន កោះអន្លង់ចិន»។ បន្ថែមពីលើនេះ គម្រោងនេះក៏បានសាងសង់ផងដែរនូវស្ពានរំលង ឬស្ពានអាកាស (Flyover) ចំនួន ២កន្លែង ប្រវែងសរុប ៥៦៤ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១, ស្ពានរំលងប្តូរទិស(Interchange) ចំនួន ២កន្លែង ប្រវែងសរុប ៤៤០ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣, និងស្ពានមធ្យម និងខ្លី ចំនួន ១១កន្លែង ប្រវែងសរុប ៥៦៨ម៉ែត្រ, និងការរៀបចំទីតាំងសម្រាប់រថយន្តបត់ត្រឡប់ក្រោយ (U-Turn) ព្រមទាំងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។
គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ាន់អាន បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥២ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ ដោយបានប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណជាង ២៧៣លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងចំណោមសមិទ្ធផលជាតិធំៗ និងសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបានលេចចេញជារូបរាងឡើងនៅក្នុងយុគសម័យតេជោសន្តិភាព និងជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លារបស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។
លោកទេសរដ្ឋមន្ត្រី បន្ថែមថា ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាដង្ហើមសេដ្ឋកិច្ចដ៏មានសក្តានុពលថ្មីមួយបន្ថែមទៀតរបស់កម្ពុជាបើនិយាយជារួម និងរបស់រាជធានីភ្នំពេញ និងខេត្តកណ្តាលបើនិយាយដោយឡែក ដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗរួមមានដូចជា៖ មួយផ្នែកតភ្ជាប់ជាមួយផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ២ និងមួយផ្នែកទៀត តភ្ជាប់ជាមួយផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងតភ្ជាប់ជាមួយមហាវិថីឈ្នះ-ឈ្នះខាងលិច(ផ្លូវទំនប់កប់ស្រូវ) ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ស្ពានព្រែកព្នៅ និងមហាវិថីឈ្នះ-ឈ្នះខាងកើត រហូតទៅដល់ផ្លូវជាតិលេខ៦ ព្រមទាំងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវមួយចំនួនផ្សេងទៀត។ បន្ថែមពីលើនេះ ផ្លូវនេះ គឺជាខ្សែផ្លូវវាងក្រុងថ្មី ដែលនឹងជំរុញបន្ថែមនូវសក្តានុពលនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ជាពិសេសការដឹកជញ្ជូនទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពីតំបន់មួយទៅតំបន់មួយ ដោយពុំចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ដែលអាចកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេលវេលាធ្វើដំណើរ។
លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា ផ្លូវក្រវាត់ក្រុងនេះ បាននិងកំពុងប្រែក្លាយតំបន់ដែលនៅអមសងខាងខ្សែផ្លូវឱ្យទៅជាតំបន់អភិវឌ្ឍន៍ លំនៅឋាន បុរី តំបន់ភស្តុភារកម្មនិងឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ ឃ្លាំងស្តុកទំនិញ ដែលស្របទៅនឹងផែនការរៀបចំបន្ស៊ីការគ្រប់គ្រងដី ការអភិវឌ្ឍថ្មី និងការការពារតំបន់នីមួយៗនៃរាជធានីភ្នំពេញឱ្យមានភាពសុខដុមរមនាជាមួយគ្នានិងឱ្យស្របទៅនឹងលក្ខខណ្ឌ និងផែនការមេនៃការរៀបចំដែនដីរបស់ប្រទេស ដែលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ និងតំបន់ជាយក្រុងកំពុងត្រូវបានពង្រីកកាន់តែធំទៅៗ ទៅតាមកំណើនប្រជាជន និងការអភិវឌ្ឍឥតឈប់ឈរ។
ម្យ៉ាងវិញទៀត សម្រាប់ការតភ្ជាប់ និងសមាហរណកម្មតំបន់ ផ្លូវក្រវាត់ក្រុងនេះបានតភ្ជាប់ជាមួយនឹងផ្លូវអាស៊ានហាយវេលេខ១ (AH-1) និងផ្លូវអាស៊ានហាយវេលេខ១១(AH-11) និងផ្លូវរបៀងសេដ្ឋកិច្ចភាគកណ្តាល និងភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ ដែលរួមចំណែកសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការប្រកួតប្រជែងរបស់កម្ពុជាជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព៕