(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អនុក្រឹត្យនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រង និងការផ្ដល់សេវាអប់រំ យុវជន និងកីឡាប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព បរិយាប័ន្ន និងសមធម៌សង្គម តាមរយៈការបង្ខិតការសម្រេចចិត្ដ ខ្សែគណនេយ្យភាព និងការទទួលខុសត្រូវ ក្នុងការគ្រប់គ្រង និងការផ្ដល់សេវាទាំងនេះ ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។

បើតាមអនុក្រឹត្យ ចំណុចសំខាន់រួមមាន៖

ប្រគល់មុខងារ ក្នុងវិស័យអប់រំចំនួន៣ ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន៖
១៖ មុខងារគ្រប់គ្រងការអប់រំកុមារតូច
២៖ មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា
៣៖ មុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ។

មុខងាររ និងសកម្មភាពជាក់លាក់សម្រាប់មុខងារនីមួយៗ ខាងលើត្រូវបានកំណត់នៅក្នុងឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យនេះ។

ចំពោះរដ្ឋបាលក្រុង ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបងត្រូវបន្តគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារដែលបានប្រគល់ទាំង៣ខាងលើនេះ តាមស្មារតីនៃអនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ
២០១៩ ស្តីពីមុខងារនិងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង និងអនុក្រឹត្យលេខ១៨៤ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារនិងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុក និងអនុក្រឹត្យនេះ។

បន្តធ្វើប្រតិភូកម្មមុខងារគាំទ្រផ្នែករដ្ឋបាលក្នុងវិស័យអប់រំ យុវជន និងកីឡាចំនួន៣ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន៖
១៖ មុខងារគាំទ្រផ្នែករដ្ឋបាលដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ
២៖ មុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអភិវឌ្ឍយុវជន
៣៖មុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអប់រំកាយ និងកីឡា។

មុខងាររង និងសកម្មភាពជាក់លាក់សម្រាប់មុខងារនីមួយៗខាងលើត្រូវបានកំណត់នៅក្នុងឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យនេះ៕

ខាងក្រោមនេះ​​ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖