(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកជួសជុលខ្លោងទ្វារខាងជើងនៅរួតទី២នៃប្រាសាទមេបុណ្យខាងកើត ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង។
លោក សូរ ប៉ោត ជាបុរាណវិទូ និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ដោយសារកត្តាអាយុកាលធ្វើឱ្យរចនាសម្ពន្ធឥដ្ឋផ្នែកខ្លះនៃខ្លោងទ្វារខាងជើងនៅរួតទី២នៃប្រាសាទមេបុណ្យខាងកើតប្រឈមនឹងបញ្ហាជ្រុះធ្លាក់ និងដួលរលំ។ ដោយមើលឃើញនូវស្ថានភាពបែបនេះ អាជ្ញាធរជាតិអប្សរាបានទល់ទ្រជញ្ជាំងឥដ្ឋដែលនៅសេសសល់សងខាង ដើម្បីទប់លំនឹងនៃតួខ្លោងទ្វារទាំងមូល ដែលកំពុងតែមានសភាពស្រុតផ្អៀងខ្លាំងប្រឈមនឹងការដួលរលំ ព្រមទាំងបិទបាយអបំពេញតាមចន្លោះស្នាមឥដ្ឋប្រេះបែកនិងញែកចេញពីគ្នា ដើម្បីការពារទឹកកុំឱ្យជ្រាបចូលបន្តទៀត។
លោកលោក សូរ ប៉ោត បានឱ្យដឹងទៀតថា កត្តាដែលធ្វើឱ្យខ្លោងទ្វារនេះខូចខាតខ្លាំង គឺដោយសារទឹកភ្លៀងជ្រាបចូល។ បញ្ហាសំណើមក៏ធ្វើឱ្យជញ្ជាំងពុកផុយខ្លាំង និងរុក្ខជាតិដែលដុះនៅពីលើក៏ធ្វើឱ្យគ្រឹះស្រុតបណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង និងផ្នែកខ្លះមានឫសឈើចាក់ចូលជញ្ជាំងបណ្តាលឱ្យស្នាមប្រេះកាន់តែរីកធំឡើង។
ក្នុងពេលដែលខ្លោងទ្វារខាងកើតរបស់ប្រាសាទមេបុណ្យខាងកើតកំពុងមានហានិភ័យនៃតួប៉មនេះ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានសម្រង់ប្លង់ កំណត់សម្គាល់ទីតាំងដែលមានហានិភ័យ និងពង្រឹងគ្រឹះ ក្រៀបខ្សែកាប ធ្វើរន្ទាខាងក្នុងដើម្បីជួយអបលំនឹង។ មកដល់ពេលនេះ ការសង្គ្រោះពង្រឹងខ្លោងទ្វារខាងជើងរបស់ប្រាសាទមេបុណ្យខាងកើតសម្រេចបាន៥០ភាគរយហើយ។
សូមបញ្ជាក់ថា គម្រោងជួសជុលខ្លោងទ្វារខាងជើងប្រាសាទមេបុណ្យខាងកើត បានឆ្លងយោបល់ពីគណៈកម្មាធិការអាយស៊ីស៊ី-អង្គរផងដែរ៕