(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៥៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យខ្លឹមសារបកប្រែជាភាសាបារាំង និងភាសាអង់គ្លេស ពីភាសាខ្មែរនៃច្បាប់រដ្ឋធម្មនុញ្ញ។ កិច្ចប្រជុំមានការចូលរួមពីសំណាក់សម្តេច លោក លោកស្រី ជាសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។
នៅក្នុងកិច្ចប្រជុំនោះ លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញន បានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ជាតិ ដូចនេះការបកប្រែពីភាសាខ្មែរទៅជាភាសាបរទេសរួមមានភាសាបារាំង និងភាសាអង់គ្លេស ចាំបាច់ត្រូវឆ្លើយតបទាំងលក្ខខណ្ឌបច្ចេកទេសនៃភាសាបរទេសផង និងឆ្លើយតបទៅនឹងលក្ខខណ្ឌ បច្ចេកទេសនៃអត្ថន័យជាក់លាក់របស់ច្បាប់រដ្ឋធម្មនុញ្ញខ្មែរផង។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលនឹងត្រូវបកប្រែជាបីភាសារួមមាន ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំងនេះ នឹងត្រូវយកទៅបោះពុម្ពផ្សាយសម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់តួរអង្គពាក់ព័ន្ធទាំងអស់ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ជាពិសេស ត្រៀមសម្រាប់ចែកជូនអ្នកចូលរួមនៅក្នុងកម្មវិធីខួប៣០ឆ្នាំ នៃការបង្កើតរដ្ឋធម្មនុញ្ញកម្ពុជា ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ៕