(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រលប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូកាយឫទ្ធិនារីកម្ពុជា មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីឈ្នះការបោះឆ្នោតធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦។

គួរជម្រាបថា សមាគមកាយឫទ្ធិនារីកម្ពុជា ដែលដឹកនាំលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅចូលរួមអង្គសន្និបាតលើកទី៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក (38th WAGGGS Conference) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និងសកម្ម ដើម្បីស្នើបេក្ខភាពកម្ពុជាឱ្យបានចូលរួមបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦។

សេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា៖ «កម្ពុជាត្រូវបានជាប់ក្នុងចំណោម៣ ប្រទេសចុងក្រោយរួមមាន៖ កម្ពុជា, ហ្គាណា និងទុយនេស៊ី ក្រោយពីគណៈកម្មាធិការបានវាយតម្លៃយ៉ាងល្អិតល្អន់ សម្រាប់ឈានទៅបោះឆ្នោតវគ្គបន្ត។ បន្ទាប់មកកម្ពុជាយើងក៏បានបន្តជាប់ក្នុងចំណោម២ ប្រទេសចុងក្រោយ គឺកម្ពុជា និងហ្គាណា ដើម្បីឈានទៅបោះឆ្នោតសម្រេចផ្ដាច់ព្រ័ត្រ ហើយនៅទីបំផុត និងជាលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរាជាណាចក្រកម្ពុជាយើងត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។ សូមបញ្ជាក់ថា សមាគមកាយប្ញទ្ធិនារីពិភពលោក មានសមាជិកមកពី១៦៩ ប្រទេស មកពីគ្រប់ទ្វីបលើពិភពលោក»។

ក្រោយមកដល់មាតុភូមិកម្ពុជា ដែលបាននាំមកនូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិនោះ នៅព្រលប់ថ្ងៃដដែលគណៈប្រតិភូសមាគមកាយប្ញទ្ធិនារីកម្ពុជា ក៏នឹងរៀបចំសន្និសីទសារព័ត៌មានពីលទ្ធផលរបស់ខ្លួនរយៈពេល ១សប្តាហ៍ ដើម្បីអាចដណ្តើមជ័យជម្នះធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦៕