(សៀមរាប)៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ មជ្ឈមណ្ឌលកេសរកូល នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដោយមានការចូលរួមពីថ្នាក់ដឹកនាំពីក្រសួងបរិស្ថាន ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ និងអង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ វិស័យឯកជន មន្ត្រីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍មូលដ្ឋានជាច្រើនចូលរួមផង​ដែរ។

ក្នុងឱកាសនោះដែ លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានអាននូវរបាយការណ៍ស្តីពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅឧទ្យានជាតិព្រះជ័យថា ឧទ្យានជាតិបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលបានគ្របដណ្ដប់លើផ្ទៃដីទំហំ ៣៧.៥០០ហិកតា ក្នុងខេត្តសៀមរាប ដណ្តប់ស្រុកចំនួន៤(ស្វាយលើ បន្ទាយស្រី វ៉ារិន សូទ្រនិគម) ហើយមជ្ឈមណ្ឌលកេសរកូល បង្កើតឡើងដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ៨៧ សជណ.ដប ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ផ្ទៃដីសរុប ២០២០ហិកតា (ឃុំត្បែង និងឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប)។

លោកស្រីបានបន្តថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម មានសក្តានុពលធនធានធម្មជាតិ-វប្បធម៌ សេដ្ឋកិច្ច និងសង្គមប្រព័ន្ធអេកូឡូស៊ីព្រៃស្រោង និងពាក់កណ្ដាលស្រោង សម្បូរធនធានជីវៈចម្រុះ សរុបចំនួន ៧៧៩ប្រភេទ ក្នុងនោះដែរ រួមទាំងសត្វ ២៨ប្រភេទ ជាប្រភេទដែលជិតផុតពូជ និងរុក្ខជាតិ ១០ ប្រភេទ ជាប្រភេទទទួលរងការគំរាមកំហែងនៅលើពិភពលោក ហើយត្រូវបានកត់ត្រានៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCNផងដែ។

លោកស្រី ចាន់ សុម៉ាលី បានបន្តទៀតថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម សម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌-ធម្មជាតិ និងជាទីតាំងប្រវត្តិសាស្ត្រនៃទីក្រុងបុរាណដើមសម័យអង្គរ«មហេន្ទ្របព៌ត” ប្រជាពលរដ្ឋរស់នៅលើភ្នំគូលែន ១.០៨៩គ្រួសារ ប្រកបរបរលក់ដូរម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ ធ្វើចម្ការ ចិញ្ចឹមសត្វ និងដកហូតអនុផលព្រៃឈើជា​ដើម។

ទន្ទឹមនឹងនោះដែរ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ចំពោះគំនិតដែលបានជ្រើសរើសឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ដើម្បីរៀបចំកិច្ចនេះឡើង ព្រោះយើងមិនមានធនធាននេះច្រើននោះទេ តែត្រូវរើសកន្លែងឲ្យបានត្រូវ និងអនុវត្តគំនិតរបស់យើងឱ្យបានជោគជ័យតែម្ដង។ លោក សាយ សំអាល់ បន្តថា ការ​រៀបចំឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមនេះឡើង ដើម្បីបន្តផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ដោយភ្នំគូលេង គឺជាមរតកដូនតា មរតកធនធានធម្មជាតិ និងមរតមនុស្សសេដ្ឋកិច្ច។

លោក សាយ សំអាល់ បានបន្តថា ដោយការសង្កេតមើលរបស់លោក ទឹកដីប្រភេទឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមនេះ គឺមិនមានច្រើនទេនៅលើពិភពលោក ដោយផ្តើមចេញពីខេត្តព្រះវិហារជាដួងព្រលឹងរបស់ខ្មែរ ហើយពីព្រះវិហារមក យើងមានគូលែនព្រហ្មទេព និងមានអ្វីគ្រប់បែបយ៉ាងរហូតមកដល់ភ្នំគូលែន រមណីយដ្ឋានអង្គរ និងបឹងទន្លេសាប ហើយក្នុងនោះដែរ យើងមានមរតកដូនតារបស់យើងពីប្រាសាទព្រះវិហាររហូតមក ព្រះខ័នកំពង់ស្វាយ ប្រាសាទកោះកេរ និងរហូតមកភ្នំគូលែន អង្គរធំ អង្គរតូច និងបឹងទន្លេសាប នេះគឺជារបៀងជីវជម្រុះ និងរបៀងមរតកដូនតា។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ការរៀបចំឧទ្យានជាតិឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ ដូចជាស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់មជ្ឈមណ្ឌលកេសរកូល ផ្លូវ ទឹកស្អាត និងបង្គន់អនាម័យ ផ្សារសហគមន៍ ដើម្បីបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រង កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ លើកកម្ពស់ការសិក្សាស្រាវជ្រាវ ការថែរក្សា និងអភិរក្សធនធានធម្មជាតិ ការបម្រើឱ្យទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានផងដែរ៕