(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ដោយសារតែវិសោធនកម្មច្បាប់បោះឆ្នោត និងការអនុវត្តច្បាប់នេះយ៉ាងម៉ឺងម៉ាត់ ទើបយើងអាចធានាការពារប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត​ ហើយលើកគុណតម្លៃប្រជាធិបតេយ្យ ដែលជាលទ្ធផល យើងឃើញថាប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិរបស់ខ្លួនដោយសេរី និងចេញទៅបោះឆ្នោតយ៉ាងច្រើនលើសលុប។

លោក ជិន ម៉ាលីន បានលើកឡើងបែបនេះ នៅក្នុងវេទិកាមួយ ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «ការបោះឆ្នោតនៅកម្ពុជា៖ ជម្រើស​របស់ប្រជាពលរដ្ឋត្រូវបានលាតត្រដាង»

លោកបានលើកឡើងដូច្នេះថា៖ «មូលដ្ឋានមួយធំបំផុត ក្នុងការលើកតម្កើនការពារប្រជាធិបតេយ្យនេះ គឺវិធានការច្បាប់នេះឯង អញ្ចឹងដោយសារតែការដាក់ចេញវិធានការច្បាប់ តាមរយៈវិសោធនកម្មច្បាប់បោះឆ្នោត និងការអនុវត្តច្បាប់នេះយ៉ាងម៉ឺងម៉ាត់ ទើបយើងអាចធានាការពារប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត​ ហើយលើកគុណតម្លៃនៃប្រជាធិបតេយ្យ ដែលជាលទ្ធផល យើងឃើញថាប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិរបស់ខ្លួនដោយសេរី និងចេញទៅបោះឆ្នោតយ៉ាងច្រើនលើសលុបជាង៨៤ភាគរយ» លោកបានបញ្ជាក់ថា វិសោធនកម្មនេះ ត្រូវបានរៀបចំឡើងដោយប្រញាប់ បន្ទាប់ពី មានជនទុច្ចរិតមួយក្រុមតូច បានដាក់ចេញវិធានការបំផ្លាញការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។

ក្នុងការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេរហូតដល់ ៦ ៣៩៨ ៣១១ នាក់ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ឈរនៅលំដាប់ទី២ ដែលមានសំឡេងគាំទ្រ ៧១៦ ៤៩០នាក់។ បន្តពីនោះ គឺគណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងគាំទ្រជាង ១៣ម៉ឺនសំឡេង គណបក្សយុវជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង ៩ម៉ឺន ហើយគណបក្សធម្មាធិបតេយ្យទទួលបានសំឡេងគាំទ្រជាង ៨ម៉ឺនសំឡេង ហើយគណបក្សកសិករទទួលបានសំឡេងតិចជាងគេ គឺត្រឹមតែជាង ១ម៉ឺនសំឡេង៕