(ហ្សាការតា)៖ នៅរសៀលថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Ignazio Cassis រដ្ឋមន្ត្រីការបរទេសសហព័ន្ធស្វីស។

ភាគីទាំងពីរបានពិភាក្សារកវិធីដើម្បីពង្រឹងភាពជាដៃគូកិច្ចសន្ទនាតាមវិស័យអាស៊ាន-ស្វីស ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍ក្នុងតំបន់ និងពិភពលោកផងដែរ។

ដោយឡែកកាលពីព្រឹកថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាប្រចាំឆ្នាំលើកទី១៥ ជាមួយសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនប្រចាំអាស៊ាន (FJCCIA)។

កិច្ចសន្ទនានេះ បានស្វាគមន៍ការចូលរួមចំណែករបស់ធុរកិច្ចជប៉ុន ដើម្បីសំរេចបានចក្ខុវិស័យរួមអាស៊ាន-ជប៉ុន និងដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហការជាមួយវិស័យឯកជន ដើម្បីពង្រឹងបណ្តាញច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់ការផ្លាស់ប្តូរផ្នែកឌីជីថល នៅក្នុងតំបន់៕