(ព្រះសីហនុ)៖ កីឡាធ្វើឲ្យសិស្សនិស្សិតទាំងអស់ នាំមកនូវសុខភាព កាយសម្បទារឹងមាំ ប្រាជ្ញាឈ្លាសវៃ និងការសាមគ្គីគ្នា ក្នុងការប្រកួតប្រជែង ប្រកបដោយសីលធម៌។ ការលេងកីឡាធ្វើឲ្យយុវជន ចៀសផុតអំពីការដើរលេង សេពគប់មិត្តភក្តិមិនល្អ ចៀសផុតពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗទៀត ដែលសង្គមស្អប់ខ្ពើម។ នេះជាការលើកឡើងរបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបើកសមាគមក្លឹបបាល់ទាត់ឡាហ្វ ខេត្តព្រះសីហនុ។

នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ការបើកសមាគមក្លឹបបាល់ទាត់ឡាហ្វខេត្តព្រះសីហនុ នាពេលនេះ ស្របពេលដែលប្រទេសកម្ពុជា កំពុងរួមគ្នាអភិវឌ្ឍន៍វិសយ័កីឡាបាល់ទាត់ និងកីឡាគ្រប់ប្រភេទ។

លោកប្រធានបានបញ្ជាក់ថា «ការបើកសមាគមក្លឹបកីឡាបាល់ទាត់ នៃសាកលវិទ្យាល័យឡាហ្វ នាពេលនេះសបញ្ជាក់ឲ្យឃើញពីការអភិវឌ្ឍរីកចម្រើន លើវិស័យកីឡាបាល់ទាត់របស់ខេត្តព្រះសីហនុ ហើយកន្លងមកក្រុមកីឡាករ សាកលវិទ្យាល័យឡាហ្វ បានទទួលជ័យជំនះ ក្នុងការប្រកួតនៅតាមបណ្ដាខេត្តនានាផងដែរ»

លោកបានគូសបញ្ជាក់ថា គោលបំណងសំខាន់ នៃការបើកសមាគមក្លឹបបាល់ទាត់នេះ ដើម្បីជាការចូលរួមចំណែកលើកស្ទួយវិស័យកីឡា នៅកម្ពុជា បណ្តុះបណ្តាលកុមារ និងយុវជន សិស្ស និស្សិតឲ្យលេងកីឡា ដើម្បីសុខភាពផង និងជាធនធានមនុស្សបន្តវេនរបស់កម្ពុជាផងដែរ៕