(ឥណ្ឌូនេស៉ី)៖ នៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ អនុស្សារណៈនៃការយោបយល់គ្នា រវាងសមាគមគ្រូបង្រៀនខ្មែរឥស្លាម និងមជ្ឈមណ្ឌលហាឡាល នៃសាកលវិទ្យាល័យរដ្ឋប៉ាដាង (UNP) មជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ និងស្ថាប័នបញ្ជាក់សមត្ថភាពជំនាញ នៃ UNP ត្រូវបានចុះហត្ថលេខា ដើម្បីពង្រឹងលើកកម្ពស់ ការអភិវឌ្ឍវិស័យអប់រំ ផ្សាភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២។

ពិធីចុះហត្ថលេខាខាងលើ ត្រូវបានធ្វើឡើង ក្នុងពិធីពិសារអាហារសាមគ្គី រៀបចំដោយអភិបាលខេត្តស៊ូម៉ាត្រាខាងលិច ប្រទេសឥណ្ឌូនេស៊ី ក្រោមវត្តមាន លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូបង្រៀនខ្មែរឥស្លាម លោក Agung Laksono ទីប្រឹក្សាជាន់ខ្ពស់ប្រធានាធិបតីឥណ្ឌូនេស៊ី អតីតប្រធានរដ្ឋសភាជាតិឥណ្ឌូនេស៊ី និងជាអនុប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ីប៉ាស៊ីហ្វិក (CAPDI) លោកបណ្ឌិត Ganefri សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ UNP ព្រមទាំងលោក Yasril Ananta អគ្គលេខាធិការរង នៃ CAPDI អញ្ជើញចូលរួម ជាអធិបតីសាក្សីផងដែរ។

ពិធីចុះហត្ថលេខានេះដែរ ក៏មានការអញ្ជើញចូលរួម ពីប្រតិភូឥស្លាមកម្ពុជាចំនួន៨៥រូប ដែលបានអញ្ជើញទៅទស្សនៈកិច្ចការងារ នៅខេត្តស៊ូម៉ាត្រាខាងលិច រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។

នាឱកាសនោះ លោកបណ្ឌិត Ganefri សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ UNP បានលើកឡើងថា ក្រោមការសម្រួបសម្រួលរបស់លោក Yasril Ananta កាលពីឆ្នាំ២០១៩ បានធ្វើឲ្យមានជំនួបសមាគមបញ្ញាវ័ន្តមុស្លិមអាស៊ីអាគ្នេយ៍ (ICMA) ហើយនៅក្នុងកិច្ចប្រជុំនាពេលនោះ បានពិភាក្សាទាក់ទងនឹងការស្នើសុំឲ្យ ICMA ជួយបណ្តុះបណ្តាល និងផ្តល់អាហារូបករណ៍ជូនដល់បណ្តា និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ី ហើយការរៀបចំនេះ ត្រូវបានធ្វើទៅឡើងដោយរលូន និងបានផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជាជាបន្តបន្ទាប់ ហើយសង្ឈឹមថា នឹងបន្តមានអាហារូបករណ៍ជូននិស្សិតកម្ពុជា មិនត្រឹមតែឥស្លាមនោះទេ គឺថែមទាំងមិនមែនឥស្លាមផងដែរ។

ជាមួយគ្នាដែរ លោកបានកោតសរសើរដល់ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់លើប្រជាជនទូទៅគ្រប់ជាតិសាសន៍ និងសាសនា ជាពិសេសការគាំពារអត់ឱន សាសនិកឥស្លាមនៅកម្ពុជា ដែលជាគំរូដល់ថ្នាក់ដឹកនាំប្រទេសដទៃទៀត ដែលធ្វើមិនទាន់បាន និងបានដឹកនាំប្រទសកម្ពុជា ដោយសុខសន្តិភាព ធ្វើឲ្យមានការរីកចម្រើនលូតលាស់ លើគ្រប់វិស័យ ដោយឥតឈប់ឈរ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងថា ទំនាក់ទនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី បានចាប់ផ្តើមមានតាំងពីសម័យព្រះបរមរតនកោដ្ឋមកម្លេះ ដែលបានផ្សាភ្ជាប់ទំនាក់ទំនងល្អជាមួយគ្នាតាំងពីពេលនោះមក រហូតមកដល់បច្ចុប្បន្ននេះ ហើយជាបន្តបន្ទាប់បានធ្វើការសហការជាមួយ សមាគមបញ្ញាវ័ន្តមុស្លិមអាស៊ីអាគ្នេយ៍ (ICMA) ដែលកន្លងមកបានជួយដល់សហគមន៍ឥស្លាមកម្ពុជា ជាច្រើន ជាពិសេសបានផ្តល់អាហារូបករណ៍ដល់សិស្សនិសិ្សតកម្ពុជា មិនថាឥស្លាម និងមិនមែនឥស្លាមនោះទេ។ លោកបន្តថា ជាមួយកិច្ចសហប្រតិបត្តិការនេះ យើងក៏នឹងព្យាយាមស្វះស្វែងធ្វើយ៉ាងណា ដើម្បីឲ្យមាននិស្សិតកាន់តែច្រើនឡើង បន្តទៅសិក្សា នៅសាកលវិទ្យាល័យ UNP។

សូមជម្រាបថា សាកលវិទ្យាល័យ UNP គឺជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានឧត្តមភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមសាកលវិទ្យាល័យចំនួនសរុប៣,៩៥៧ នៅប្រទេសឥណ្ឌូនេស៊ី ហើយក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទាំងឥស្លាម និងមិនមែនឥស្លាម ទៅសិក្សានៅទីនោះ ចំនួន១៥នាក់ ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២០មក។

សាកលវិទ្យាល័យនេះ ត្រូវបានបង្កើតទ្បើងនៅឆ្នាំ១៩៥៤ មានទំហំផ្ទៃដីសរុបចំនួន ២២៥ហិកតា ដែលបច្ចុប្បន្នមាននិស្សិតកំពុងសិក្សាចំនួនជាង ៤៨,០០០នាក់ និងមានជំនាញចំនួន ១០ រួមមាន ផ្នែកអប់រំ ផ្នែកភាសា និងសិល្បៈ ផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រធម្មជាតិ ផ្នែកវិទ្យាសាស្ត្រសង្គម ផ្នែកវិស្វកម្ម ផ្នែកវិទ្យាសាស្ត្រកីឡា ផ្នែកសេដ្ឋកិច្ច ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ ផ្នែកសិក្សាបញ្ចប់ការសិក្សា និងផ្នែកចិត្តវិទ្យា និងសុខភាព៕